ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា ភាពយន្តរឿង “លោកឪពុក” លើកពានអន្តរជាតិមួយ នៅម៉ាកាវ

ចាត់ទុកជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តរឿង “លោកឪពុក” ត្រូវបានគេប្រកាសឲ្យលើកពាន១ ក្នុងចំណោមពានដែលបានប្រកាស នៅក្នុងការប្រកួតភាពយន្តអន្តរជាតិ អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៨ មករា ឆ្នាំ២០២០។ លោក អ៉ិន សុភិន ម្ចាស់ផលិតមហាហង្ស ត្រូវគេឃើញឡើងទទួលពានអន្តរជាតិមួយនេះ បើទោះជាពាននោះ មានឈ្មោះជាពានបុគ្គលក្នុងរឿង។

លោក អ៉ិន សុភិន និយាយថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលភាពយន្តរឿង “លោកឪពុក”ទទួលបានពានមួយលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត លើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។ បើទោះជាពាន ដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿងឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជាមោទនភាពដ៏ធំក្នុងនាមជាផលិតករខ្មែរផងដែរ ដែលយករឿងមកប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានពានមួយ ដើម្បីឲ្យពិភពលោកដឹងថា ខ្មែរក៏មានឪកាសលើពានមួយក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។ លោកថា លោក យស បូវណ្ណ: អត់បានដឹងថា ខ្លួនត្រូវបានគណកម្មការជម្រើសឲ្យជាប់ជាតួរងប្រុស ឬ តួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោក ក៏ប្រហែលមកចូលរួមផងដែរ។ លោក និង លោក យស បូវណ្ណ: បានឯកភាពហើយថា សម្រាប់ពាន គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹងផ្ញើឲ្យលោក យស បូវណ្ណ: នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ការប្រកួតភាពយន្តនេះ ត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយមានប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។ ព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា គឺមានចំនួន២រឿងចូលប្រកួត ដោយរឿង”ព្រលឹង” ជាប់ជារឿង Best Visual Effect ក្នុងចំណោមជម្រើសចុងក្រោយ និងរឿង”លោកឪពុក” ជាប់ពានផ្នែកតួរងឆ្នើម៕

មតិយោបល់