ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម បុកគូទកាមរីហាយប្រ៊ិត រងការខូចខាត បញ្ចប់រឿងត្រឹមសំណង ៤០០$

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូតទៅ
បុកគូទរថយន្តកាមរីហាយប្រ៊ិត បណ្តាលឲ្យរងការខូចខាត ខ្ទេចទាំងសងខាង សងសំណង ៤០០$ បញ្ចប់រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចច្រកចូលវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9823 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី រថយន្តខាងលើ បានប៉ះម៉ូតូ១គ្រឿង មិនចាំម៉ាក ប៉ុន្តែប៉ះតិចតួចមិនបានរបួសធ្ងន់អីនោះទេ។ ភ្លាមៗនោះ រថយន្តបង្ក មិនបានឈប់ទ្បើយ ព្យាយាមបើករត់គេចខ្លួនទៅដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំគូទរថយន្តកាមរីហាយប្រ៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4272 បណ្តាលឲ្យខ្ទេចគូទខាងក្រោយ ធ្លាក់កាង ហើយរថយន្តបង្កវិញ រងការខូចខាតខ្ទេចអស់ មួយកំណាត់ខាងមុខ ទៅមុខលែង។

នៅពេលនោះ ម្ចាស់រថយន្តបង្ក ព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ដើម្បីឲ្យនៅដោះស្រាយគ្នា ជាមួយខាងរថយន្តរងគ្រោះ។ ដោយឡែក ម៉ូតូរងគ្រោះ មិនមានរងគ្រោះអីធ្ងន់ធ្ងរ ក៏បើកចេញទៅបាត់។

ក្រោយកើតហេតុ រថយន្តបង្កសងទៅឲ្យរថយន្តរងគ្រោះចំនួន ៤០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕


មតិយោបល់