បន្ទាយមានជ័យៈ យោងតាមផេករបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថាបុរសម្នាក់ត្រូវបានកងកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៤ឆ្នាំ ។
លោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថូ សុខហាង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីឈ្មោះ ស.ស.ន ជាបន្តបន្ទាប់ បានសម្រេចចំនួន៣ដង ។ ចំពោះការដែលចាប់ឃាត់ខ្លួនជនសង្ស័យនេះ គឺដោយមានបណ្តឹងពីជីតារបស់ក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ថាឈ្មោះ ថូ សុខហាង បានធ្វើសកម្មភាពចាប់រំលោភចៅរបស់របស់គាត់ ដែលមានអាយុទើប១៤ឆ្នាំ នៅនឹងផ្ទះរបស់គាត់ ដែលជនសង្ស័យបានមកស្នាក់នៅជាមួយរយៈពេលជាង៣ឆ្នាំមកហើយ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ីនដេត បានបញ្ជាក់ថា ៖ តាមការរៀបរាប់បំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ៖ ជនសង្ស័យ បានធ្វើសកម្មភាពចាប់ខ្លួនរំលោភ ខណៈពេលដែលឪពុក ម្តាយ និងជីតានាងមិននៅផ្ទះ រាល់ការរំលោភ ឈ្មោះ សុខ ហាង តែងតែធ្វើការគម្រាមសម្លាប់បើខ្លួននិយាយប្រាប់អ្នកដទៃ និងប្រាប់ឪពុកម្តាយ រួមទាំងជីតានាង ។ក្រោយពីទទួលបានបណ្តឹងកម្លាំងនគរបាលជំនាញបានចុះទៅធ្វើការចាប់ឃាត់ និងសាកសួរជនសង្ស័យ ឈ្មោះថូ សុខហាង បានសារភាពថា ៖ ខ្លួនពិតជាបានធ្វើសកម្មភាពភាពចាប់កុមារី ស.ស.ន រំលោភចំនួន៣ដងពិតប្រាកដមែន បានសម្រេចចំនួន២ដង និងម្តងមិនបានសម្រេចទេ តែចំណែកដែលខ្លួនមានរបួសក្បាលនោះ គឺខ្លួនមានទំនាស់ជាមួយអ្នកដទៃត្រូវគេវាយបែកក្បាល មិនពាក់ព័ន្ធនឹងឪពុកម្តាយ ឬជីតាក្មេងស្រីរងគ្រោះវាយដោយខឹងនឹងខ្លួននោះឡើយ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន និងយេនឌ័រ បានបញ្ជាក់ថា ៖ ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះ ជុំវិញការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ។ឈ្មោះ ថូ សុខហាង ត្រូវបានកម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
មតិយោបល់