ព័ត៌មានជាតិ

លោក ថោង ខុន ប្រកាសទទួលស្គាល់ជាផ្លូវការសកម្មជនយុវជនបក្សភូមិ-ឃុំក្នុងខេត្តកំពង់ធំ

កំពង់ធំ: លោក ថោង ខុន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ខេត្តកំពង់ធំ និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានចុះទៅប្រកាសទទួលស្គាល់ជាផ្លូវការសកម្មជនយុវជនបក្សភូមិ ឃុំ នៃស្រុកបារាយណ៍ ដោយមានការចូលរួមពីប្រធានយុវជនគណបក្សខេត្ត ស្រុក ឃុំ ក្រុមការងារថ្នាក់ក្រសួងចុះជួយស្រុក ឃុំ ភូមិ ប្រធាន អនុប្រធាន សមាជិកគណ:កម្មាធិការគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនបក្សភូមិ ឃុំ ស្រុកបារាយណ៍ សរុបប្រមាណ១៤០០នាក់។

សកម្មជនយុវជនបក្សស្រុកបារាយណ៍ កើតចេញពីការបោះឆ្នោត តាមឃុំទាំង១៨ និងភូមិចំនួន១៨៤ភូមិ ដែលបានចាប់ផ្តើមដំណើរការជ្រើសរើសចាប់ពីខែមីនា ឆ្នាំ២០១៦ ដោយបានសម្រេចជ្រើសរើសសកម្មជនយុវជនបក្សចំនួន១០៨៨នាក់ (យុវជនភូមិ ៩៥៧នាក់ និងយុវជនឃុំ ១៣១នាក់) និងរៀបចំពិធីប្រកាសទទួលស្គាល់នៅថ្ងងៃនេះ។

បន្ទាប់ពីប្រធានគណបក្សស្រុករាយការណ៍បង្ហាញពីលទ្ធផលការងារជ្រើសរើសសកម្មជនយុវជនបក្សភូមិ ឃុំ និងលោកប្រធានយុវជនគណបក្សស្រុកបានប្តេជ្ញាចិត្តរួចមក លោក ថោង ខុន ក៏បានបង្ហាញជូនយុវជនឲ្យបានដឹងច្បាស់ពីប្រវត្តិគុណបំណាច់ស្នាដៃ និងការតស៊ូរបស់គណបក្សក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញចាប់ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះលោកប្រធានបានផ្តាំផ្ញើដល់យុវជនគណបក្សដែលទើបជាប់ឆ្នោត ជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់គណបក្សត្រូវខិតខំថែរក្សា និងការពារស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស មានគោលជំហរ ស្មារតី និងភាពស្មោះត្រង់ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការដល់ក្រុមការងារក្នុងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស មានកិច្ចសហការល្អជាមួយប្រជាជន មហាជន និងយុវជន។

លើសពីនេះត្រូវចុះជាប់ជាមួយប្រជាជន និងសមាជិកបក្សដើម្បីក្តាប់ជាប់ពីសភាពការណ៍នៅមូលដ្ឋាន និងត្រូវចេះតស៊ូមតិ និងធ្វើការវាយបកឲ្យទាន់ពេលវេលាចំពោះការមួលបង្កាច់ ឬបំផ្លើសការពិតណាមួយពីក្រុមប្រឆាំង និងមជ្ឃដ្ឋានអគតិនានា មកលើរាជរដ្ឋាភិបាល និងគណបក្ស។

លោកបញ្ជាក់ថា “យុវជនត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន រួមទាំងភាសាបរទេស និងព័ត៌មានវិទ្យា ពោលគឺយុវជនត្រូវខិតខំជួយដល់ការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងសំបូររុងរឿងដូចអច្ឆរិយ:ប្រទេសនានាលើសកលលោក”៕

photo_2016-05-15_16-04-13

photo_2016-05-15_16-04-12

photo_2016-05-15_16-04-10

មតិយោបល់