ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ចាប់ខ្លួនជនបង្កពិតប្រាកដ ករណីបើករថយន្ដ បុកបុគ្គលិកបុរីជីបម៉ុងលែនស្លាប់២នាក់ នៅផ្លូវ៦០ម៉ែត្របានហើយ នៅស្រុកស្អាងយប់មិញ

ភ្នំពេញ: ទីបំផុត! ជនបង្កពិតប្រាដក ដែលបើករថយន្ដ បុកជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះ សមត្ថកិច្ច តាមចាប់ខ្លួនបានហើយ នៅស្រុកស្អាង កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ក្រោយឃាត់ខ្លួន ដកហូតបានវត្ថុតាង រថយន្ដ១គ្រឿងម៉ាក Camry ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 ។

ជនរងគ្រោះទី១ ឈ្មោះ ចាន់ ណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកបុរីជីបម៉ុងលែន មានស្រុកកំណើតខេត្តព្រៃវែង និងទី២ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល ២០ឆ្នាំ។

តាមការបញ្ជាក់ជនបង្ក គឺជាអ្នកបើករថយន្ដផ្ទាល់តែម្ដង និងត្រូវជាពូរបស់ឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ក្រោយឃាត់ខ្លួនជនបង្ក រួមជាមួយរថយន្ដ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕

មតិយោបល់