ព័ត៌មានជាតិ

Update៖ សង្សារទ្រហោយំ ស្ដាយស្រណោះ! ជិះម៉ូតូឌុបគ្នា ទៅយកអត្តសញ្ញាណប័ណ្ណ ត្រូវរថយន្តកិនស្លាប់ខាងប្រុស របួសស្រាលខាងស្រី

ភ្នំពេញ: គូស្នេហ៍ប្រុសស្រី២នាក់ ជិះម៉ូតូឌុបគ្នាទៅយកអត្តសញ្ញាណប័ណ្ណ បែបជាជួបគ្រោះអកុសល រថយន្តកូរ៉េឃ្លប់ដឹកក្រណាត់ បើកបត់កៀរកិនម៉ូតូ បណ្ដាលឲ្យស្លាប់ខាងប្រុស រីឯខាងស្រីរងរបួសស្រាល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ បឺយ សី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិកណ្តោល ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) ។ ចំណែកនារីជាគូសង្សារឈ្មោះ លី សុខណាន អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ជាមួយបុរសជាសង្សារដែរ ភូមិកណ្តោល ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ របួសស្រាល។

ដោយទ្បែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ផន ផាណាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកក្រណាត់ មានទីលំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 11F-9103 ជិះឌុបគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ តាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយឃ្លប់ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3739 ដឹកក្រណាត់រោងចក្រ បើកស្របទិស មកដល់បត់ស្តាំ ទាំងមិនបានមើល ក៏កៀរម៉ូតូដួល រួចកិនចំក្បាលជនរងគ្រោះ ជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែង រីឯនារីម្នាក់ទៀត រងរបួសស្រាល។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចផងដែរ។

តាមសម្តីនារីជាគូសង្សារ បានយំរៀបរាប់ថា មុនកើតហេតុ នាង និងសង្សារ បានឌុបគ្នាមកពីបន្ទប់ជួលនៅស្រុកអង្អស្នួល គោលបំណង មកយកអត្តសញ្ញាណប័ណ្ណរបស់សង្សារ ដើម្បីយកទៅធ្វើឯកសារ ចូលធ្វើការងាររោងចក្រ លុះជិះជិតដល់ផ្ទះជួលទៅហើយ ស្រាប់តែរថយន្តបង្ក បើកស្របទិស បត់ស្តាំមកកៀរម៉ូតូ កិនស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ចំណែករថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ប្រគល់ទៅការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់