ព័ត៌មានជាតិ

ប្លន់មិនបានសម្រេច វាយកម្ទេចម៉ូតូ ម្ចាស់បានត្រឹម ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍

ភ្នំពេញៈ យុវជន២នាក់ ខណៈកំពុងជិះម៉ូតូត្រឡប់ មកពីមើលសាច់ញាតិនៅមន្ទីរពេទ្យវិញ ត្រូវបានក្រុមក្មេងស្ទាវ ប្រដាប់ដោយដំបង ខ្សែក្រវាត់ ប្រមាណជាង១០នាក់ ដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយជនរងគ្រោះ បានដកកូនសោរត់គេចខ្លួន។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលា ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅស្តុបណូគា លើផ្លូវ២៧១ កែងផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមសម្តីយុវជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំង២នាក់ ទើបជិះម៉ូតូចេញពីមើលក្រុមគ្រួសារ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី បំណងត្រទ្បប់ទៅផ្ទះ នៅខណ្ឌសែនសុខវិញ។ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1O-2527 ជិះឌុបគ្នា តាមផ្លូវ២៧១ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែ លេចមុខក្រុមជនសង្ស័យប្រមាណជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដំបង ខ្សែក្រវាត់ ដេញតាមពីក្រោយ ស្ទាក់វាយ ពេលនោះ ដោយសារភ័យពេក ក៏ដកសោម៉ូតូរត់គេចខ្លួនបាត់ទៅ។

ខណៈនោះ ធ្វើឲ្យក្រុមជនសង្ស័យខឹង បានស្ទុះទៅកាច់ផ្លាកលេខ និងវាយកម្ទេចម៉ូតូជនរងគ្រោះ គាប់ជួនកម្លាំងល្បាតរបស់ប៉ូលិស មកដល់ ក្រុមជនសង្ស័យ បានផ្អើលរត់គេចបាត់អស់។

ក្រោយកើតហេតុ ម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯយុវជនរងគ្រោះទាំង២នាក់ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវ តាមចាប់ក្រុមជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់