ព័ត៌មានជាតិ

Update៖ រថយន្តកុងតឺន័រក្រុមហ៊ុន MING LIANG បើកគេចម៉ូតូ ហោះផ្លោងឡើងខឿនទ្រូងផ្លូវ បុកបាក់បង្គោលភ្លើង

ភ្នំពេញៈ រថយន្តកុងតៃន័រ១គ្រឿង បើកបោះពួយយ៉ាងលឿន គេចពីម៉ូតូសេ១២៥ ក៏រេចង្កូតហោះឡើងខឿនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ មុខហាងមីហឹរ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក FREIGHTLINER ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-0671 អូសសណ្តោងរ៉ឺម៉ក សឺមី ផ្ទុកទូកុងតឺន័រ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0021 របស់ក្រុមហ៊ុន MING LIANG បើកបរល្បឿនលឿន តាមបណ្តោយផ្លូវចោមចៅ ពីលិចទៅកើត លុះដល់ចំណុចខាងលើ គេចពីម៉ូតូ សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BO-0885 បើកបរដោយឈ្មោះ វ៉ែន ចេក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្ពឺកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសជើងឆ្វេងដំណំ ដោយត្រូវរថយន្តសាំយ៉ុង បើកបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយ។

ប្រភពដដែលបន្តទៀតថា ខណៈដែលម៉ូតូជនរងគ្រោះ កំពុងជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែរថយន្តកុងតឺន័រខាងលើ បានបើកគេចទៅឆ្វេងដៃ ក៏រេចង្កូតហោះឡើងខឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ប៉ើងខ្ទាតខ្ទេច ហើយរថយន្តបន្តទៅមុខ ជ្រុលធ្លាក់ទៅបំណែកផ្លូវម្ខាងទៀត បែកកង់មុខខាងឆ្វេង បែកធុងប្រេងហូរកាត់ពេញផ្លូវ ចំណែកអ្នកបើកបរ លោតចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ រាយការណ៍ទៅជំនាញ ដើម្បី ប្រគល់រថយន្តទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុង រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ។ ចំណែកម៉ូតូ ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ ជាមួយរថយន្តសាំយ៉ុង ទុកឲ្យភាគីទាំង២ សម្រួលគ្នា៕

មតិយោបល់