ព័ត៌មានជាតិ

Update៖ អាសូរណាស់! រថយន្តកុងតឺន័រកិនបុរសម្នាក់ បែកក្បាលស្លាប់ ក្នុងថ្លុកឈាម នៅផ្លូវជាតិលេខ៤

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូលឿន ទៅបុករថយន្តកុងតឺន័រ កំពុងតែបត់ឆ្លងផ្លូវ បណ្តាលឲ្យដួល។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង ១៥នាទីយប់ថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ឈ្មោះ យាន ច័ន្ទគា អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលជិតវត្តតាំងកសាង មានស្រុកកំណើតនៅភូមិប្រស្និក ឃុំប្រស្និក ស្រុកលៀផ្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់) និងទី២អ្នករួមដំណើរជាមួយ រងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

ចំណែកអ្នកបើករថយន្តឈ្មោះ ស៊ុន ស៊ីវន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត រស់នៅភូមិកណ្តាលដុំ សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ ដំបូងឡើយគេឃើញរថយន្តកុងតឺន័រក្បាល ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7047 បើកចេញពីច្រកសាលារៀន សុវណ្ណភូមិ តាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងផ្លូវទៅ ទិសខាងលិច កំពុងតែបត់ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-6642 ជិះដោយបុរសពីរនាក់ យ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចមកកើត មកបុកចំធុងសាំងរថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យបុរស ម្នាក់ធ្លាក់ចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។ រីឯម្នាក់ទៀតខ្ទាតចេញរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាម ៗ នៅឯមន្ទីរពេទ្យលោកសង្ឃ។ ដោយទ្បែករថយន្តកុងតឺន័រ បានជ្រុលធ្លាក់កង់ខាងមុខ ចូល ប្រឡាយទឹកស្អុយ កល់ជាប់ទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង យករថយន្ត និងម៉ូតូ ព្រមទាំងនាំខ្លួនតៃកុង មកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី ៣ ដើម្បីប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង ចាត់ការបន្ត។ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់