ភ្នំពេញៈ រថយន្តកូរ៉េ១គ្រឿង ព្យាយាមបើកវ៉ាជែងរថយន្តព្រូស១គ្រឿង មិនប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ កំពុងបណ្ដើរម៉ូតូ និងបង្គោលស្លាកលេខផ្លូវ រួមជាមួយម៉ូតូមួយគ្រឿងទៀត ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង៤០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្ពានអាកាស ៧មករាតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បើកបរម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហាហ្វីណូ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AS-6729 ទើបចេញពីធ្វើម្ហូបនៅភោជនីយដ្ឋានលាភមង្គល បំណងជិះត្រទ្បប់ទៅផ្ទះ នៅឯក្បែរវត្តនាគវ័ន្ត ដោយធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។ ខណៈជិះបានពាក់កណ្ដាលផ្លូវ ស្រាប់តែម៉ូតូអស់សាំង រួចប្តីប្រពន្ធទាំងពីរនាក់ ក៏បាននាំគ្នាចុះបណ្តើរម៉ូតូ ដើម្បីបន្តដំណើរទៅមុនទៀត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0591 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស ២នាក់ទៀត ធ្វើដំណើរស្របទិសគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកបុរសជាប្តី ដែលកំពុងបណ្ដើរម៉ូតូ នៅចិញ្ចើមផ្លូវចំពេញទំហឹង បណ្ដាលឲ្យខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ធ្ងរ។
ដោយទ្បែករថយន្តបង្ក មិនទាន់អស់ល្បឿនទេ បានបន្តឡើងទៅលើខឿនចិញ្ចើមផ្លូវ ទៅបុកបង្គោលដែកស្លាកលេខផ្លូវដាច់ធ្លាក់អស់មួយបង្គោល ហើយទៅមុខប្រមាណ១០ម៉ែត្រ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GM-4486 ដែលឈប់ចតស្ងៀមនៅលើខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យកៀបជាប់ក្រោមរថយន្ត រងការខូចខាតស្ទើរទាំងស្រុង និងបុកជញ្ជាំងចំណតរង់ចាំរថយន្តក្រុង បែកបាក់អស់មួយផ្ទាំងទំហំប្រមាណ១ម៉ែត្របួនជ្រុង ចំណែកឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់ បានចុះមកដល់ ដឹកយកបុរសរងគ្រោះ ទៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង និងរថយន្តបង្ក រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់