ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោក សែម រតនា នាយការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ឲ្យមន្ត្រី ចុះវាស់វែងលឿនៗផង

ភ្នំពេញ: កាលពីវេលាម៉ោង ៨កន្លះយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យលរងការខូចខាត។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តតូតាព្រូស១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀបរាម 2B-5484 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវវ៉េងស្រេង។ មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានស៊ីញ៉ូបត់ឆ្វេងដៃបានបន្តិច ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង ម៉ាកHINO ពាក់ផ្លាកលេខ ភ្នំពេញ 3C-2609 របស់ក្រុមហ៊ុនផែស្ងួត តេង ទ្បាយ ធ្វើដំណើរមកក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ រួចទាក់ទងទៅជំនាញ ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ម្ចាស់រថយន្តព្រូស មិនព្រមទទួលសំណងពីរថយន្តកុងតឺន័រ ដោយសារឲ្យតិចពេក យកទៅជួសជុលមិនគ្រប់ គាត់ចង់ឲ្យមានជំនាញ ដោះស្រាយតាមផ្លូវច្បាប់ ទើបមន្ត្រីប៉ុស្តិ៍ ទាក់ទងទៅជំនាញខណ្ឌឲ្យចុះមក តែមិនឃើញ ក៏រាយការណ៍ម្ដងទៀត ពេលនោះខាងខណ្ឌឆ្លើយមកវិញថា រឿងនេះ ប្រាប់ទៅការិយាល័យចរាចរណ៍ក្រុងហើយ ឮដូច្នេះខាងប៉ូលិសប៉ុស្តិ៍ ក៏ចេះតែចាំរហូតដល់ម៉ោង ៦ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមិទាន់មកទៀត ធ្វើឲ្យប្រជាពលរដ្ឋ ដែលមករោមមើលហេតុការណ៍ រិះគន់ការិយាយល័យចរាចរណ៍ក្រុងភ្នំពេញ ធ្វើការយឺតយ៉ាវ ថ្មើរហ្នឹងហើយ មិនឃើញចុះមកវាស់វែងដោះស្រាយ រួចអាងលេសថា ជិះរថយន្តស្ទះតាមផ្លូវ ខណៈមតិខ្លះលើកទ្បើងថា យប់ជ្រៅហើយ មិនស្ទះទេ បើពេលថ្ងៃអាច សង្ស័យថា មកពីជំនាញមានតិច បានជាធ្វើការយឺត បើរថយន្តអ្នកធំវិញ បើកសារ៉ែនសុំផ្លូវយ៉ាងលឿន មិនទុកឲ្យយូរទេ ខ្លាចស្ទះផ្លូវ ផ្អើលដល់អ្នកកាសែតមកចុះថត! ករណីនេះ សូម្បីតែសមត្ថកិច្ច តាមខណ្ឌនីមួយៗ បានលួចបង្ហើបប្រាប់ Post News ថា យឺតមែន ពេលខ្លះពួកគាត់ យាមនៅកន្លែងកើតហេតុរាប់ម៉ោងក៏មានដែរ។

ពលរដ្ឋសំណូមពរទៅលោក សែម រតនា ដែលជាប្រធានការិយាល័យចរាចរណ៍ ស្នងការរាជធានីភ្នំពេញ ទើបទ្បើងកាន់តំណែងថ្មីផង ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង មេត្តាធ្វើការជូនពលរដ្ឋឲ្យបានលឿន មិនថាយប់មិនថាថ្ងៃ កុំទុកឲ្យពួកគាត់រិះគន់រឿងដដែលៗពេក៕

មតិយោបល់