ព្រះវិហារៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមបណ្តាផ្ទះលក់ទំនិញនានា ក្នុងភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូច ចំនួន ១២ យួរ និង ១ដប ស្មើនឹង ៧១.៣៧ លីត្រ
-ទឹកផ្លែឈើចម្រុះ ចំនួន ១៥ ដប ស្មើនឹង ៦.៤២ លីត្រ
-ប្រេងឆា ចំនួន ០៥ ដប ស្មើនឹង ១.១ លីត្រ
-នំចម្រុះ ចំនួន ០១ បាវ ស្មើនឹង ១៥ គីឡូក្រាម
-ដំណាប់ដូង ចំនួន ០២ កញ្ចប់ ស្មើនឹង ១.៤ គីឡូក្រាម
-ទឹកដោះគោខាប់ ចំនួន ០៤ កំប៉ុង ស្មើនឹង ១.៥២ គីឡូក្រាម
សរុបចំនួន ៧៨.៨៩ លីត្រ និង ១៧.៩២ គីឡូក្រាម ។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់