ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ៣នាក់ និង ៤នាក់ទៀត កំពុងស្វែងរកបន្ត ពាក់ព័ន្ធករណីកាប់មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ នៅវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ក្រុម១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីហិង្សា(កាប់គ្នា)បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង ២នាក់រងរបួស កម្លាំងអ.ហ ខណ្ឌជ្រោយចង្វារ បានចុះទៅដល់កន្លែងកើតហេតុបានស្រាវជ្រាវយកព័ត៌មានបានឲ្យដឹងថា៖

ជនរងគ្រោះមាន៖
១/ឈ្មោះ សែម ហេង (របួសធ្ងន់)ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
២/ឈ្មោះ ចឹប ចាន់ឌីន (របួសស្រាល)ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
៣/ឈ្មោះ លី តុ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រហូតដល់ ម៉ោង ១១និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល នៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំង ឣ.ហ ខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំង អ.ហ រាជធានី ចាប់បានជនសង្ស័យចំនួន ៣នាក់ ក្នុងចំនោមបក្ខពួកចំនួន ៦នាក់ដែលធ្វើសកម្មភាព។

ជនសង្ស័យចំនួន ៣នាក់៖
១/ឈ្មោះ រុន សុភ័ក្រ (ដៃដល់) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
២/ឈ្មោះ ពេជ្រ ប៉ី (ដៃដល់) ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប។
៣/ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

វត្ថុតាងចាប់យក៖
-ម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខ។
-ម៉ូតូ ហុងដា សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW.5444។
-ដាវ ចំនួន ១ដើម
-ទូរស័ព្ទចំនួន ២គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអ.ហ រាជធានី ចំណែកបក្ខពួកដែលរត់គេចខ្លួនមានចំនួន ៤នាក់មាន៖
១/ឈ្មោះ រ៉ា ភេទប្រុស។
២/ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស។
៣/ឈ្មោះ រិទ្ធ ភេទប្រុស។
៤/ឈ្មោះ ក្រឹម ភេទប្រុស។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ខាងលើកំពុងតាមស្វែងរកចាប់ខ្លួនបន្ត៕

មតិយោបល់