ភ្នំពេញៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បានបើកម៉ូតូ១គ្រឿងយ៉ាងលឿន ជ្រុលទៅនឹងទ្វារថយន្តហាយឡែនឌ័រ
បណ្តាលឲ្យដួលខ្លួន រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវR6 ត្រង់ចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-4969 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវR6 ជិះគ្នា៣នាក់ប្រពន្ធ និងកូន ដោយកូនស្រីជាអ្នកបើក។ លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន ក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខ ព្រៃវែង 1L-6343 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបឹងកក់ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកចំក្បាល រថយន្តហាយឡែនឌ័រ ចំទ្វារថយន្តផ្នែកខាងស្តាំ បណ្តាលឲ្យដួលរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ខណៈម៉ូតូ រួញកចូលគ្នា និងបាក់បាំងតិចតួច ចំណែករថយន្តហាយឡែនឌ័រវិញ រងការខូចខាតខ្ទេចទ្វារមួយជំហៀងខាងស្តាំ ដោយក្រពឹតចូលគ្នាតែម្តង។
សំណាងល្អហើយ ដែលម្ចាស់រថយន្តមិនមានរងរបួសទេ ភ្លាមៗនោះ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះ យកទៅព្យាបាល។
មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានមកដល់ទីតាំងខាងលើ ដើម្បីធ្វើការទំនាក់ទំនង ហៅជំនាញមកចរាចរណ៍ខណ្ឌមកវាស់វាង យករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នា៕
មតិយោបល់