ព័ត៌មានជាតិ

ម្នាក់ជំនាញលួច ម្នាក់ទៀតចាំទទួលទិញ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំង២

ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ម្នាក់ពាក់ព័ន្ធករណីលួច។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
២/ឈ្មោះ ចាន់ណា ស៊ីនិត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសិត្បូឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បីឥណ្ឌា ជាអ្នកទទួលផលចោរកម្ម។
ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនិស្សិត។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក GPXDEMON150GR ពណ៌ក្រហម សេរី២០១៩ លេខតួ+លេខម៉ាស៊ីន110137 ពាក់ស្លាកលេខ ភ្នំពេញ 1HG8198 (របស់ជនរងគ្រោះ)។

វត្ថុតាងដកហូតបាន៖ រថយន្ត០១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-971 (ជារបស់ជនសង្ស័យ)។

ដំណើររឿង៖ កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូមកចាក់សោរកចតទុកនៅក្នុងផ្ទះជួលខាងលើ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល(ដោយពុំបានចាក់សោរទ្វារផ្ទះ)។ លុះមកដល់វេលាម៉ោង៥ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះភ្ញាក់ពីដំណេកយកម៉ូតូជិះទៅរៀន ស្រាប់តែបាត់មិនឃើញក៏ទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវរក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុកឃើញជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់មកកម្លាំងជំនាញធ្វើការស្រាវជ្រាវរករហូតដល់ថ្ងៃទី១៤ ខែមករា ទើបប្រទះជនសង្ស័យកំពុងដើរនៅផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ក្រោយសាកសួរជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពឆ្កឹះសោរកុងតាក់បញ្ឆេះជិះយកទៅលក់ឲ្យបក្សពួកឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំងសមត្ថកិច្ចបន្តចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្លូវលេខ១១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកព្រមទាំងវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់