ព័ត៌មានជាតិ

សិស្សសាលាអង្ការ BL និងជាងឡាន ធ្វើសកម្មភាពកាច់កម៉ូតូ បានសម្រេចតែម្ចាស់ផ្ទះឃើញទាន់ ឃាត់ខ្លួនបាន ៣នាក់

ភ្នំពេញៈ​ នៅវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មានករណីចោរ ៣នាក់កាច់កម៉ូតូ បានសម្រេចហើយបណ្តើរចេញ តែត្រូវម្ចាស់ផ្ទះឃើញទាន់ឃាត់ឲ្យឈប់ត្រូវជនសង្ស័យវ៉ៃ ម្ចាស់ផ្ទះក៏វ៉ៃវិញដែរ រួចចាប់ប្រគល់សមត្ថកិច្ច ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ ម៉ម រស្មី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ៣៥ស្ទួន ផ្លូវលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
២/ឈ្មោះ ពៅ វណ្ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅម្តុំមាត់ប្រឡាយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
៣/ឈ្មោះ ជៀម វិសាល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្នាក់ទី៩ នៅសាលា អង្ការ BL រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
អ្នកទាំង៣ បានធ្វើសកម្មភាពកាច់កម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-6459។

ដំណើររឿង៖ យោងតាមសម្ដីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញនារីពីរនាក់ជិះម៉ូតូម៉ាកខាងលើ មកពីក្រៅហើយក៏ឈប់នៅមុខបន្ទប់របស់គាត់ រួចឡើងទៅជាន់ទី១ មួយសន្ទុះក្រោយមករូបគាត់ព្រមទាំងមិត្តភក្កិ បានជិះម៉ូតូចេញទៅក្រៅ ដើម្បីរកទិញអីញ៉ាំពេលត្រឡប់មកវិញ ស្រាប់តែឃើញជនសង្ស័យ ៣នាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ក្រចេះ 1A-8815 មកឈប់នៅច្រកចូលមុខផ្ទះរបស់គាត់ រូបគាត់ឈប់ចាំមើលហើយក៏ឃើញម្នាក់ដើរចូលទៅកាច់កម៉ូតូនារីរងគ្រោះទាំង ២នាក់ខាងលើបណ្ដើរចេញមកក្រៅ គាត់កាក់សួរនាំប៉ុន្តែជនសង្ស័យវ៉ាយប្រតាយប្រតប់គ្នា ហើយមិត្តភ័ក្តិគាត់ក៏បានជួយចាប់ក្របួចជាប់ជនសង្ស័យទាំងបីនាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវយកមកសួរនាំ។

សូមបញ្ជាក់៖ បើតាមសម្ដីនារីរងគ្រោះ ទាំង ២នាក់បានប្រាប់ឲ្យដឹងថា ម៉ូតូនេះមិនមែនជារបស់ខ្លួនទេ ពួកគេខ្ចីពីបងស្រីម្នាក់យកមកជិះតែប៉ុណ្ណោះ ពិតជាសំណាងណាស់ដែលបងប្រុសម្ចាស់ផ្ទះចាប់ជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវ បានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ធ្វើកំណត់ហេតុ និងបញ្ជូនទៅសាលាដំបូងរាជធានីចាត់តាមនីតិវិធី៕

មតិយោបល់