ភ្នំពេញៈ ក្រុមគ្រូពេទ្យទន្តសាស្ត្រ រំចង់ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូននូវបង់ថ្មម៉ាបសម្រាប់អង្គុយលេងដល់សាលាបឋម សិក្សាភ្នំដូនពេញ ចំនួន១១បង់ ក្រោមការចូលរួមជាអធិបតីភាពពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ព្រមទាំង មានការចូលរួម ពីមន្រ្តីថ្នាក់ខណ្ឌ, យុវជនស.ស.យ.កខណ្ឌ ដឹកនាំដោយលោក សុខ ពេញវុធ, នាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។
គួរបញ្ជាក់ផងដែរគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជារឿយៗតែងតែចុះបង្រៀនពីរបៀបសម្អាតនិងថែរក្សាមាត់ធ្មេញដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាភ្នំដូនពេញ ក៏ដូចជាសាលានានាទាំងរដ្ឋ និងឯកជន ក្នុងគោលបំណងលើកកម្ពស់សុខភាពមាត់ធ្មេញដល់កុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យតែងតែបានអំពាវនាវ និងលើកទឹកចិត្តដល់មាតាបិតាទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញ របស់បុត្រ ធីតារបស់ខ្លួន ដោយដាស់តឿនពួកគាត់ឲ្យសម្អាតធ្មេញរៀងរាល់ក្រោយពេលញាំអាហាររួច និងនាំពួកគាត់អ្នកមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង ដើម្បីឲ្យគ្រូពេទ្យធ្មេញត្រួតពិនិត្យ សម្អាត ហើយបង្រៀនពួកគាត់ពីរបៀបសម្អាត និងថែរក្សាមាត់ធ្មេញឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះដែរលោកគួច ចំរើន អភិបាលខណ្ឌដូនពេញក៏ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំតស៊ូរៀនសូត្រដើម្បីក្លាយខ្លួនជាមនុស្សល្អទំពាំងស្នងឫស្សី។ចំណែកលោកគ្រូអ្នកគ្រូនិងនាយកសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរពេទ្យរំចង់តែងតែគិតគូរជួយឧបត្ភដល់សាលាបឋមសិក្សាភ្នំដូនពេញនេះ៕











មតិយោបល់