ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោម ៣នាក់ ត្រូវនគរបាលចាប់ខ្លួនករណីលួចម៉ូតូ នៅស្រុកមុខកំពូល

កណ្ដាល: នគរបាលស្រុកមុខកំពូល ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីលួចម៉ូតូ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ឈ្មោះ យុន ម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រីឯជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនឈ្មោះ ថន ពី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងឈ្មោះ អឿន រ័ត្នភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2008 ពាក់ស្លាកលេខភ្នំពេញ 1G-1867(របស់ជនរងគ្រោះ) និងម៉ូតូម៉ាកស្មាស់ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខកណ្តាល1L7917(របស់ជនសង្ស័យ)។

សូមបញ្ជាក់៖ នៅថ្ងៃកើតហេតុ ក្រុមជនសង្ស័យទាំង ៣នាក់ បានជិះម៉ូតូ ២គ្រឿងដើរធ្វើសកម្មភាពលួចម៉ូតូ ខណ:មកដល់ចំណុចកើតហេតុ ក៏បានឃើញម៉ូតូជនរងគ្រោះទុកនៅចំហៀងផ្ទះដោយមានជាប់សោនៅនឹងម៉ូតូ ភ្លាមនោះឈ្មោះ យុន ម៉ាប់ ចូលមកជិះ ក៏ត្រូវបានជនរងគ្រោះនិងម្ដាយក្មេកឃើញទាន់បានស្រែកផ្អើលឆោឡោ និងចូលទៅឃាត់ជនសង្ស័យម្នាក់ឈ្មោះ យុន ម៉ាប់ រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។ ចំណែកជនសង្ស័យឈ្មោះ ថន ពី និងឈ្មោះ អឿន រ័ត្ន បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងមកប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់