តាកែវៈ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានធ្វើការអះអាងថា មិនមានការនាំសត្វជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកនីមួយៗ នៃខេត្តតាកែវនោះទេ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃ ព្រហស្បត្ត៍ ទី១៦ ខែមករា ឆ្នាំ២០២០ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល បានលើកឡើងថា បញ្ហាសត្វជ្រូកនេះ អភិបាលខេត្តតាកែវ និងក្រសួងកសិកម្ម បានណែនាំទៅដល់ មន្រ្តីជំនាញបសុព្យាបាលសត្វខេត្តតាកែវ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបផងដែរ ចំពោះការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ហើយដើម្បីលើកទឹកចិត្ត ដល់មន្រ្តីចំពោះការចុះបង្រ្កាប លោកអភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ១លានរៀលផងដែរ ចំពោះការបង្រ្កាបបានមួយករណី។
ដោយឡែកចំពោះរូបភាព ក៏ដូចជាខ្លឹមសារ របស់សារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា មានសត្វជ្រូកនាំចូលពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមផ្លូវខេត្តតាកែវ ដោយមានការបើកដៃ ពីមន្រ្តីពេទ្យសត្វ និងពីប្រធានមន្ទីរកសិកម្មខេត្ត ត្រូវបានលោក ថៃ លី លើកឡើងថា សត្វជ្រូកដែលចរាចរណ៍នៅទូទាំងខេត្តតាកែវ គឺនាំចូលមកពីប្រទេសថៃ យកមកចែកចាយលក់ នៅក្នុងខេត្តតាកែវមួយភាគ និងមួយចំនួនទៀត យកទៅប្រទេសវៀតណាម ព្រោះនៅវៀតណាមមានការខ្វះខាតសត្វជ្រូក សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដូច្នោះហើយ ទើបនាំយកពីប្រទេសថៃ ទៅចែកចាយដល់ប្រទេសវៀតណាម ។
លោកប្រធានពេទ្យសត្វបានបន្ថែមថា បើប្រៀបធៀបជាមួយតម្លៃសាច់ជ្រូក នៅប្រទេសវៀតណាម និងកម្ពុជាយើង គឺតម្លៃសាច់ជ្រូកនៅប្រទេសវៀតណាមថ្លៃជាងយើង ដូច្នោះហើយបានជាមានការនាំជ្រូកពីប្រទេសថៃ បានសម្រុកនាំជ្រូកទៅវៀតណាមច្រើន ដោយឆ្លងកាត់ខេត្តតាកែវ ហើយក្រុមហ៊ុនដែលនាំសត្វជ្រូកចេញនេះ គឺក្រុមហ៊ុនចន្ធូមានជ័យ ដោយឡែកសម្រាប់សត្វជ្រូក ដែលមានការនាំចូលពីប្រទេសវៀតណាម មកខេត្តតាកែវនោះ គឺជាសត្វជ្រូកដែលវៀតណាម បានយកមកពីប្រទេសថៃ ហើយសល់ ព្រោះខាងវៀតណាមយកសត្វជ្រូក ដែលមានគីឡូ៨០ចុះក្រោមតែប៉ុណ្ណោះ សល់ប៉ុន្មានយកមកវិញ ដូច្នោះរូបភាពដែលយកសត្វជ្រូក ពីព្រំដែនវៀតណាមជាប់ខេត្តតាកែវនេះ គឺជាសត្វជ្រូកដែលយកពីប្រទេសថៃតែប៉ុណ្ណោះ មិនមែនជ្រូក ដែលនាំចូលពីវៀតណាមនោះទេ ហើយចំពោះសត្វជ្រូក ដែលដឹកពីប្រទេសថៃ យកមកលក់នៅប្រទេសវៀតណាម ដែលសល់សត្វជ្រូកដឹកមកវិញ មានសភាពសត្វជ្រូកឡើង ពណ៌ក្រហម ឬមានស្នាមជាំដុំៗនោះ គឺមកពីការដឹកហាលថ្ងៃ ផ្លូវឆ្ងាយ និងមានការប៉ះទង្គិចទ្រុងដែករបស់ឡាន ទើបមានសភាពបែបនេះ ។
លោកប្រធានពេទ្យ ក៏បានថ្លែងឲ្យដឹងថា លោកក៏បានណែនាំទៅដល់មន្រ្តីក្រោមឪវាទ ពិសេសមន្រ្តីដែលនៅស្រុកជាប់ព្រំដែនត្រូវត្រៀមលក្ខណៈ ក្នុងការត្រួតពិនិត្យ ជាប់ជាប្រចាំ ចំពោះការធ្វើចលនាសត្វ ពិសេសនៅតាមព្រំដែន ដោយធ្វើយ៉ាងណាត្រូវពិនិត្យ ឲ្យបានម៉ាត់ចត់ ថាតើសត្វទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយឬនៅ ហើយមានជំងឺដែរឬទេ បើគ្មានច្បាប់អនុញ្ញាត ឬសត្វមានបញ្ហា ត្រូវតែចាប់ឃាត់ទុក យកមកកន្លែង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕
មតិយោបល់