ព័ត៌មានជាតិ

(មានវីដេអូ) តុលាការសម្រេចឃុំខ្លួនប្តី និងដោះលែងប្រពន្ធ លើសំណុំរឿង បើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ (ជាប្តី) ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ សញ្ចារកម្មមានស្ថានទម្ងន់ទោសប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ យោងតាមមាត្រា ២៨៤ និងមាត្រា ២៨៨ នៃក្រមព្រហ្មទណ្ឌ។

ប្រភពបន្តថា នៅល្ងាចដដែលចៅក្រមស៊ើបសួរគឺលោក លឹម មករន្ទ បានដោះលែងស្ត្រីជនត្រូវចោទជាប្រពន្ធដែលត្រូវបានលោក ស្រី ម៉ាកនី ជាតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ ដោយការដោះលែងនេះត្រូវប្រភពបញ្ជាក់ថា ចៅក្រមស៊ើបសួរ សំអាងថា ជនត្រូវចោទជាប្រពន្ធមិនមានការជាប់ពាក់ព័ន្ធនោះទេ។

សូមបញ្ជាក់ថា ជនជាប់ចោទជាប្តីដែលតុលាការសម្រេចឃុំខ្លួនមានឈ្មោះ វ៉ា ប៊ុនធួន ហៅធឿន ភេទប្រុស អាយុ ៣០ឆ្នាំ និងជនត្រូវចោទជាប្រពន្ធដែលតុលាការលែងមានឈ្មោះ ម៉ម សុខា ហៅមុំ ភេទស្រី អាយុ ៣២ឆ្នាំ មានមុខរបរ បើកហាងម៉ាស្សា។

គួររំលឹកថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅបាន ធ្វើការបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែងនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយឃាត់ខ្លួនបានបុរសម្នាក់ជាប្តីឈ្មោះ វ៉ា ប៊ុនធួន ហៅធឿន និងស្ត្រីជាប្រពន្ធឈ្មោះ ម៉ម សុខា ហៅមុំ ជាថៅកែហាងម៉ាស្សា សំណាងល្អ និងសង្គ្រោះបានស្ត្រីរងគ្រោះវ័យ២០ឆ្នាំនិងដកហូតបានវត្ថុតាងជាស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើរួចជាច្រើនផងដែរ៕

https://youtu.be/FnDXEeo1SH8

photo_2016-07-28_22-44-45

មតិយោបល់