ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កុល ដាវី-សុខ រក្សា ស្អិតរមួតមិនខ្វល់មង្គលការ

ភ្នំពេញៈ ធៀបនឹងគូស្នេហ៍ភាគច្រើន ដែលបានក្រាបសំពះតាមគន្លងប្រពៃណី គេកត់សម្គាល់ថា គូស្នេហ៍នាង កុល ដាវី និងស្វាមីក្រៅផ្លូវច្បាប់ គឺលោក សុខ រក្សា មានភាពផ្អែមល្ហែមដាក់គ្នាចង់លើសគេនោះផង។ អ្នកទាំងពីរ រមែងបង្ហោះរូបស្អិតរមួតជាសាធារណៈ ជាសារបង្ហាញពីស្នេហារឹងមាំ បើទោះជាមិនមានពិធីណាមួយទាល់តែសោះ សូម្បីពិធីស្ដីដណ្ដឹងជាមួយគ្នា។

នៅលើគណនេយ្យផ្ទាល់ខ្លួនរបស់ កុល ដាវី និងសុខ រក្សា មិនមានអ្នកណាមិនដែលឃើញអ្នកទាំងពីរបង្ហោះទិដ្ឋភាពកៀកកើយបង្ហាញពីចំណងស្នេហ៍ដូចប្ដីប្រពន្ធស្របច្បាប់នោះទេ ដោយស្នេហារបស់ពួកគេត្រូវបានពន្លេចឡើងដោយមិនខ្វល់ពីការរិះគន់របស់ក្រុមអ្នកអភិរក្សប្រពៃណីនោះផង។ ខុសពីគូស្នេហ៍តារាសិល្បៈខ្លះដែលនៅក្រោយខ្នងគឺចាក់ទឹកមិនលិច តែនៅចំពោះមុខមហាជនរមែងលាក់លៀម តែកុល ដាវី និងសុខ រក្សា វិញគឺ មានតែប្រឹងប្រកាសឲ្យគេបានដឹង។ លោកសុខ រក្សា បានអះអាងថា រវាងលោក និងគូស្នេហ៍បានរួមរស់ជាប្ដីប្រពន្ធក្រោមដំបូលតែមួយយូរហើយ តែមកពីលោក និងនាងបានក្លាយជាបុគ្គលដែលយល់ចិត្តគ្នាទៅហើយ ទើបមិនខ្វល់ពីរឿងស្ដីដណ្ដឹង ភ្ជាប់ពាក្យ ឬរៀបការ។ លោកថារវាងលោក និងនាង មិនទាន់គិតឃើញពីរឿងរៀបចំពិធីផ្លូវការនោះទេ ហើយបើគ្រោងរៀបការក៏មិនធ្វើភ្ជាប់ពាក្យផង និងរៀបការផងនោះដែរ គឺសម្រេចធ្វើតែមង្គលមួយ ដើម្បីកុំឲ្យរំខានភ្ញៀវ។ លោក និងកុល ដាវី គ្រោងនឹងមានពិធីមង្គលយ៉ាងហោចក្នុងឆ្នាំ២០១៨ គឺក្នុងពេលវីឡាកូនកាត់ដែលលោក និងនាងបានទិញបង់រំលោះរួមគ្នាត្រូវបានសាងសង់រួចរាល់នៅក្នុងបុរីមួយជិតផ្សារអ៊ីអនទី២ម្ដុំបឹងប៉ាយ៉ាបភ្នំពេញថ្មី។ ប៉ុន្តែនោះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ឯភាពជាក់ស្ដែងគឺទាំងលោក និង នាងសុទ្ធតែមិនបានកំណត់ច្បាស់លាស់។ លោកថាស្ថានភាពយល់ចិត្ត ហាក់ធ្វើឲ្យលោកគិតថាពិធីមង្គលការមិនសូវសំខាន់សម្រាប់ជីវិតស្នេហា ប៉ុន្តែក៏មិនមានន័យថាពួកលោកបោះបង់អាពាហ៍ពិពាហ៍នោះដែរ គឺគ្រាន់តែចង់ទុកពេលរកលុយ និងរង់ចាំឲ្យមានទ្រព្យរបស់ជាសម្បត្តិរួមគ្នាឲ្យរឹងមាំសិន ទើបចាំគិតគូរមង្គលការឲ្យបានសមរម្យប៉ុណ្ណោះ។

ងាកមកកាន់រូបថតល្អូកល្អឺនជាច្រើនសន្លឹកដែលលោក និងកុល ដាវី បានបង្ហោះនៅលើភ្នំបូកគោនេះវិញ គឺមិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមកលោក និងនាង ក៏បានបង្ហើររូបភាពបែបនេះឲ្យគេបានឃើញដូចគ្នា។ នេះជាការបង្ហាញឲ្យឃើញពីភក្តីភាពចំពោះស្នេហា ដែលមានន័យថាដំណឹងដែលថានាងកុល ដាវី មានបុរសទ្រព្យស្ដុក ដែលចេញចូលផឹកស៊ីក្នុងហាងរបស់ពួកគេនៅម្ដុំភ្នំពេញថ្មីចូលពាក់ព័ន្ធ ធ្វើឲ្យស្នេហាពួកគេរកាំរកូសនោះ គឺជារឿងចចាមអារ៉ាម។ ម្យ៉ាងកុល ដាវី ក្នុងរយៈពេលចុងក្រោយមិនដែលបានលើកទូរស័ព្ទដែលខលចូលណាស់ ដោយទុកតែឲ្យលោកសុខ រក្សាលើកជំនួស ទើបអ្នកចង់ជ្រែកស្នេហ៍ ទំនងជាចូលមិនរួចនោះឡើយ៕

photo_2016-07-28_23-33-34photo_2016-07-28_23-33-45photo_2016-07-28_23-33-48photo_2016-07-28_23-33-51photo_2016-07-28_23-33-53photo_2016-07-28_23-33-57photo_2016-07-28_23-34-00photo_2016-07-28_23-34-02photo_2016-07-28_23-34-05photo_2016-07-28_23-34-08photo_2016-07-28_23-34-12photo_2016-07-28_23-34-14photo_2016-07-28_23-34-18

មតិយោបល់