ព័ត៌មានជាតិ

ស្ត្រីម្នាក់មានវិបត្តិគ្រួសារ គិតខ្លីជិះម៉ូតូ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទារម្នាក់ ផឹកស្រាស្រវឹង រួចជិះម៉ូតូប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ព្រោះតែមានវិបត្តិគ្រួសារ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៦ ខែកមរា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ារី អាយុ៣១ឆ្នាំ ជាអាជីវករលក់ខោអាវនៅផ្សារព្រៃទារ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានកូនប្រុសអាយុ ៩ឆ្នាំ ចំណែកប្ដី បានចែកផ្លូវលែងលះគ្នាដាច់ស្រេចជិតមួយឆ្នាំហើយ។ សព្វថ្ងៃនេះ កូនប្រុសរបស់ស្រ្តី ត្រូវបានប្តីយកទៅជាមួយ ចំណែកជនរងគ្រោះ ស្នាក់នៅផ្ទះជួលតែម្នាក់ឯង។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញស្ត្រីខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ZOOMER-X ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1HG-1530 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង ឡើងស្ពានជ្រោយចង្វារចាស់ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានឈប់រួចចុះពីលើម៉ូតូស្រែកទ្រហោយំ ហើយប៉ុនប៉ងលោតពីលើស្ពានសម្លាប់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុចូលទៅជួយចាប់ឃាត់មកវិញ។

នៅពេលពលរដ្ឋសួរនាំស្ត្រីខាងលើក៏បានប្រាប់ថា ចង់ស្លាប់ និងគិតតែពីស្រែកទ្រហោយំ រហូតដួលសន្លប់។ ភ្លាមៗ នោះ ពលរដ្ឋបានធ្វើការជួយសង្គ្រោះបន្ទាន់បឋម និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកជួយអន្តរាគមន៍។

មួយសន្ទុះក្រោយមក ក៏រថយន្តសង្គ្រោះបន្ទាន់ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែបែរជាស្ត្រីខាងលើ ប្រកែកមិនព្រមទៅមន្ទីរពេទ្យនោះទេ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានយកទូរស័ព្ទដៃស្ត្រីខាងលើ ដើម្បីយកលេខទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការប្រគល់ម៉ូតូ និងស្ត្រីខាងលើ ទៅឲ្យសាច់ញាតិ យកត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ៕

មតិយោបល់