ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធករណីព្យាយាមដឹកស្ត្រីរងគ្រោះម្នាក់គេចខ្លួនចេញពីផ្ទះសំណាក់ ដោយមិនដឹងមូលហេតុច្បាស់លាស់ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់យីហោ «មហាលាភ» ឋិតតាមបណ្តោយផ្លូវជាតិលេខ៦A មានជនជាតិចិន(តៃវ៉ាន់)ម្នាក់ឈ្មោះ រ៉ូ ប៉រឆេន ភេទប្រុស អាយុ៥៤ឆ្នាំ បានជួលបន្ទប់ផ្ទះសំណាក់លេខ២១៣ ។ មួយសន្ទុះក្រោយមកអ្នកបម្រើការងារក្នុងផ្ទះសំណាក់នោះ ក៏បានឃើញជនជាតិនោះបានបីនារីរងគ្រោះម្នាក់ដាក់ចូលឃ្លុបឡាន ។ ឃើញដូចនោះនាងក៏បានសួរនាំជនសង្ស័យ និងបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ស្របពេលនោះជនសង្ស័យ ព្យាយាមបើករថយន្តពាក់ផ្លាកលេខភ្នំពេញ 2AV-8491) គេចពីកន្លែងកើតហេតុ ។
ប្រភពបន្តថា លុះមកដល់ត្រង់ចំណុចក្រោយភោជនីយដ្ឋានបឹងមាស (ផ្លូវបេតុងនាងមច្ឆារ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូននារីជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណទៅមន្ទីពេទ្យកាល់ម៉ែត ចំណែកជនសង្ស័យបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ ចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់