ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នាវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច។

ជនសង្ស័យឈ្មោះ មាស ម៉ាសាន់ដា ហៅតឿ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥២ ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានផ្លាស់ប្តូរទីលំនៅចេញពីមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១។

ហេតុការណ៍៖ កាលពីវេលាខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានពេលមកដល់ចំណុចខាងលើ ប្រទះឃើញជនសង្ស័យឈ្មោះ មាស ម៉ាសាន់ដា ហៅតឿ កំពុងដើរតាមផ្លូវមានការសង្ស័យក៏បាននាំខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ខណ:នោះជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្សពួកឈ្មោះ ធី បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧(មិនចាំស្លាកលេខ) របស់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២ និង០០នាទីរំលងអាធ្រាត្រ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្លាមនោះសមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងកើតហេតុ តែជនរងគ្រោះបានផ្លាស់ប្តូរទីលំនៅចេញពីមូលដ្ឋានដោយមិនបានមកដាក់ពាក្យបណ្តឹងទេ ចំណែកបក្សពួកជនសង្ស័យបានគេចខ្លួនបាត់ដោយជិះម៉ូតូដែលលួចបានទៅជាមួយផង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់