ភ្នំពេញៈ ក្មេងស្រីចំនួន ៤នាក់ ដែលសមត្ថកិច្ចបាននាំខ្លួនយកទៅសួរនាំកាលពីម្សិលមិញពាក់ព័ន្ធករណី ប្រើអំពើហិង្សាទៅលើ ក្មេងស្រីសិស្ស វិទ្យាល័យផ្សារដើមថ្កូវ ហើយថតរូបបង្ហោះផ្អើលពេញបណ្តាញសង្គម សមត្ថកិច្ចបាន កោះហៅភាគីពាក់ព័ន្ធ និងអាណាព្យាបាលទាំងអស់ដើម្បីដោះស្រាយ ហើយឪពុកម្តាយ ឬអាណាព្យាបាល របស់ពួកគាត់សូមសំណូមពរ ឲ្យធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនមានលើកក្រោយ នៅចំពោះមុខឪពុកម្តាយនិងមុខសមត្ថកិច្ច ។
លោក ប៊ុន សត្យា ហៅ ទិវា០១ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧មករានេះភាគីបង្កបានយល់ព្រមទទួលកំហុស និងសុំទោសចំពោះមុខសមត្ថកិច្ច ហើយ ភាគីរងគ្រោះនិងឪពុកម្តាយ មិនប្តឹងផ្តល់អីនោះទេ ដោយសុំឲ្យភាគីវាយកូនគាត់ធ្វើកិច្ចសន្យា បញ្ឈប់ មិនឲ្យមានលើកក្រោយទៀតឡើយ ។ ការអប់រំ និងកិច្ចសន្យាបានធ្វើឡើងចំពោះ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់ភាគីទាំងអស់ ដោយគ្មានការបង្ខិតបង្ខំឡើយ ។ លោកបន្តថា ករណីនេះ សមត្ថកិច្ចមិនបញ្ជូនសុំណំរឿងនោះ ទៅកាន់តុលាការឡើយ ព្រោះពួកគេសុទ្ធតែជាអនិថជននៅឡើយ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្មេងស្រី ចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប បង្ហាញថា ពួកគេវាយធ្វើបានក្មេងស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ បង្កឲ្យមានការចាប់អារម្មណ៍សារជាថ្មីដល់មហាជន ហើយសមត្ថកិច្ចក៏មិនបង្អង់យូរដែរ បាននាំគ្នាស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗយកមកសួរនាំអប់រំ តាមបណ្ដឹងភាគីឪពុកម្ដាយខាងក្មេងស្រីរងគ្រោះ ។
បើតាមសមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី៨ នៃវិទ្យាល័យដើមថ្កូវ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។
ក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយបានហៅបក្ខពួកពីខាងក្រៅសាលាមក ចំនួន ៣នាក់ទៀត មកវាយលើជនរងគ្រោះ ។
យោងតាមក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ប៉ុន្ដែវីដេអូឃ្លីបនេះទើបតែបែកធ្លាយសង្ស័យមិត្តភក្ដិរបស់នាងលួចថតហើយបង្ហោះនៅពេលក្រោយមក។ សកម្មភាពនេះគេបានវាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាល ហើយបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះជាំពេញខ្លួនប្រាណទាំងអស់។
បើតាមម្តាយយុវតីរងគ្រោះបានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាពបង្ហោះតាមសង្គមហ្វេសប៊ុក ហើយបានដឹងថា កូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ ទើបគាត់ទៅដាក់ពាក្យបណ្ដឹងជាមួយនឹងភស្ដុតាងមួយនេះ។ ក្រោយមកនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាក្នុង វីដេអូឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់មកសាកសួរ។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត ៕



មតិយោបល់