ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីតិចតួច បុរសម្នាក់យកពូថៅវាយមិត្តរួមការងារ បែកក្បាលសន្លប់ស្ដូក

កណ្តាល: កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ០៩ និង ០០ ស្ថិតភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីប្រើប្រាស់អំពើហិង្សា។

ជនរងគ្រោះឈ្មោះ ញឹប សំហៅសោម ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សុទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (មានសារធាតុញៀន)។

វត្ថុតាងដកហូតាបាន៖ ដងពូថៅធ្វើពីឈើគ្មានផ្លែ ចំនួន១ ប្រវែង០;៥៨ ម៉ែត្រ ។

ដំណើររឿង៖ នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ និង ជនសង្ស័យរស់នៅភូមិ ឃុំជាមួយគ្នា បាននាំគ្នាមកធ្វើការ កម្មករសំណង នៅចំណុចកើតហេតុខាងលើ ក្នុងពេលនោះ ជនរងគ្រោះបានប្រើឲ្យជនសង្ស័យធ្វើការខាងលាយកំបោរ ប៉ុន្តែជនសង្ស័យនិយាយប្រកែកមិនធ្វើ គឺខ្លួនធ្វើខាងជញ្ជូនឥដ្ឋវិញទើបព្រមធ្វើ ក្នុងពេលនោះដែរជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យខាងលើថា៖ ប្រយ័ត្នត្រូវមួយចប ខណ:ជជែកគ្នារួច ជនសង្ស័យបានធ្វើការខាងជញ្ជូនឥដ្ឋ រីឯជនរងគ្រោះធ្វើការខាងលាយកំបោរ ហើយអ្នកទាំងពីរនាក់បានធ្វើការងាររៀងៗខ្លួន។

បន្ទាប់មកជនរងគ្រោះសំរាកអង្គុយផឹកទឹក ស្រាប់តែជនសង្ស័យមកក្រោយខ្នងជនរងគ្រោះរួចដើរទៅយកដងពូថៅ មកកាន់ជាប់និងដៃខ្លួនហើយសួរទៅជនរងគ្រោះថា អាសោមដងពូថៅស្អាតតើផ្លែពូថៅនៅឯណា? រួចជនរងគ្រោះបានតបវិញថា នៅក្នុងធុងនោះ បន្ទាប់មកជនសង្ស័យបានយកដងពូថៅវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យបែកហូរឈាមដួលសន្លប់ទៅលើដីតែម្តង
ភ្លាមនោះមេជាងត្រូវជាបងបង្កើតរបស់ជនសង្ស័យនិងកម្មករសំណងដែលធ្វើការងារជាមួយគ្នា បាននាំជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្ត រីឯជនសង្ស័យរត់គេចខ្លួនទៅផ្ទះតែម្ដង។

ក្រោយកើតហេតុ មេភូមិបានរាយការណ៍ការជូនសមត្ថកិច្ចអំពីករណីខាងលើ បន្ទាប់មកកម្លាំងជំនាញបានចុះដល់ទីតាំង នាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរព្រមទាំងចាត់ការតាមនីតិវិធី៕

មតិយោបល់