ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានប្តីកំណាច ចាក់សាំងស្រោចដុតប្រពន្ធទាំងរស់ បណ្តាលឲ្យឆេះរលាក រលួយពេញខ្លួន ផ្តើមចេញពីទំនាស់ក្នុងគ្រួសារ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ បូ ស្រីណែត អាយុ២៩ឆ្នាំ កម្មការនីរោងចក្រ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មានស្រុកកំណើត ភូមិបឹងង៉ោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកប្តីកំណាចមានឈ្មោះ វង់ ចាន់សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតឃុំក្រញ៉ូង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ គ្រួសារខាងលើ មានកូនស្រី២នាក់ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ មានកូនស្រី២នាក់ជាចំណងអាពាហ៍ពិពាហ៍ ក្នុងរបរ ធ្វើការរោងចក្រផង លក់បាយ ម្ហូប នៅមុខរោងចក្រ ក្នុងភូមិកើតហេតុ ។
ប្រភពបន្តទៀតថា ដោយសារការរស់នៅមិនចុះសម្រុងគ្នា ប្តីប្រពន្ធខាងលើ ស្ម័គចិត្តរៀងខ្លួន ទៅអាជ្ញាធរ សុំលែងលះគ្នាដោយសន្តិវិធី ឯកភាព យកកូនម្នាក់មួយ កូនច្បងរស់នៅជាមួយប្តី កូនប្អូន រស់នៅជាមួយប្រពន្ធ ចែកផ្លូវគ្នាដើររៀងខ្លួន អស់រយៈពេលជាង១ខែមកហើយ អតីតប្រពន្ធទៅរស់នៅឯស្រុកវិញ លុះមកដល់រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ ភាគីខាងអតីតប្រពន្ធ ឌុបកូនស្រី និងប្អូនស្រីតូចម្នាក់ទៀត ទៅផ្ទះជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោអាវ ផ្ទាល់ខ្លួនដែលនៅសេសសល់ គ្មានបំណងអ្វីផ្សេងឡើយ ស្រាប់តែខាងប្តីខឹង ស្ទុះវឹងទាញបានដបសាំង ដាក់ស្រោចលើខ្លួន ហើយចាប់ដុតអតីតប្រពន្ធទាំងរស់តែម្តង ឆេះរលាករលួយពេញខ្លួនប្រាណ រួចយកលុយ យកទូរស័ព្ទ រត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះនៅមានស្មារតីនៅឡើយ ជិះម៉ូតូទៅរត់ឲ្យពេទ្យជួយជា បឋមសិន ចំណែកប្អូនស្រីជិះម៉ូតូឌុប ទៅតាមឪពុក ក្រុមគ្រួសារនៅឯស្រុកមកជួយ រហូតដល់ល្ងាចថ្ងៃដដែល ក្រុមគ្រួសារដឹកតាមប៉ូតូកង់បី មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក្តៅរោលរាលពេញខ្លួន នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល ទើបក្រុមគ្រួសារស្នើសុំ អន្តរាគមន៍ ពីរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ករណីខាងលើ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ សំខាន់បញ្ជូនជនរងគ្រោះទៅសង្គ្រោះអាយុជីវិតសិន ហើយកម្លាំងសមត្ថកិច្ចចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ ត្រូវបានម្តាយរបស់ជនល្មើសឆ្លើយថាមិនដឹង រឿងតិចតួច មិនតែប៉ុណ្ណោះថែមទាំងចោទប្រកាន់ តិះដៀលលើស្ត្រីរងគ្រោះ ថាមានសាហាយទៅវិញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ រឿងហឹង្សាក្នុងគ្រួសារ វាយប្រពន្ធឲ្យមានរបួសស្នាន និងប្រើប្រាស់គ្រឿងញៀន លុះចេញមកវិញ មិនរាងចាល ប៉ុនប៉ងមនុស្សឃាត លើប្រពន្ធទៀត ៕







មតិយោបល់