សៀមរាបៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយបានការសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត មន្រ្តីអាកាសយានដ្ឋានអន្តរជាតិខេត្តជាតិសៀមរាប និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារក្រោម ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៌ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់មួយចំនួន ទៅលើផលិតផលម្ហូបអាហារដែលដាក់លក់ក្នុងផ្សារនោះបានចំនួន ៧គំរូ មានដូចជា៖ ប្រហិតត្រីឡាតស្ពៃជ្រក់ ជ្រក់មមាញ ខ្ញីហាន់រួច សណ្ដែកបណ្ដុះ បង្កងថៃ មឹកកោះកុង ជាដើម។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញសាច់ក្រកឈីសរសជាតិសាច់មាន់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៦ កញ្ចប់ ស្មើនឹង ៨ គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់