ព័ត៌មានជាតិ

រថយន្ត ISUZU បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត ១គ្រឿងយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២១ ខែកមរា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបប្រសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ប្រភេទ២បាំង ពាក់ផ្លាកលេខ បាត់ដំបង 2A-5616 ក្នុងស្ថានភាពស្រវឹងជោកជាំ ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកង់ និងក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំ។ ចំណែកឯរបាំងថ្មពុះចែកទ្រូងផ្លូវ បានរងការខូចខាតបែកឆ្កូតបន្តិចបន្តួច តែសំណាងល្អ ករណីនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្ត ដែលរងការខូចខាត នៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ក៏ទាក់ទងជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់