ផ្ទះ ព័ត៌មានជាតិ ផ្អើលយប់មិញ! ...

ផ្អើលយប់មិញ! ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបងការដ្ឋានសំណង់កោះពេជ្រ

0

ភ្នំពេញ: រថយន្តស៊េរីទំនើប ១គ្រឿង បើកបរដោយបុរសជនជាតិចិនមួយក្រុម បានជ្រុលទៅបុករបងការដ្ឋានសំណង់កោះពេជ្រ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត រងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ ១កន្លែង ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីបុរសជាសន្តិសុខយាមកាម ក្នុងកោះពេជ្រម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់កំពុងតែអង្គុយយាមនៅទីតាំងខាងលើ ក៏ស្រាប់តែឃើញបុរស៣នាក់ ជាជនជាតិចិន មិនដឹងទៅណាទេ បានបើករថយន្តស៊េរីទំនើប១គ្រឿង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AB-6666 ធ្វើដំណើរតាមផ្លូវសុភមង្គល ក្នុងទិសដៅពីត្បូងទៅជើង ជាមួយល្បឿនយ៉ាងលឿន សង្ស័យអ្នកបើកស្រវឹង បានរេចង្កូតបត់ឆ្វេងត្រលប់ក្រោយ ជ្រុលទៅបុករបងការដ្ឋានសំណង់ បណ្ដាលឲ្យធ្លុះចូលទៅខាងក្នុង រងការខូចខាតសម្ភារមួយចំនួន ព្រមទាំងធ្វើឲ្យបុរសម្នាក់ ដែលជាអ្នកបើកបរ រងរបួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ ដោយទ្បែកអ្នករួមដំណើរ២នាក់ទៀត រងរបួសតិចតួច បានគេចចេញទាំងប្រញាប់ប្រញាល់បាត់ទៅ។

ក្រោយកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួចបានឲ្យតំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្ក សុខចិត្តសងថ្លៃខូចខាតលើសម្ភារ: ដែលរងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕

មតិយោបល់