ព័ត៌មានជាតិ

រឿងកត់ឆ្នោត មេកន្ទុយលេខ និងកូនកញ្ច្រែងផ្ទុះអំពើហិង្សាដាក់គ្នា ប្តឹងគ្នាផ្អើលសាលាសង្កាត់

ភ្នំពេញ: បញ្ហាឆ្នោតកន្ទុយលេខ ដែលជាល្បែងត្រូវបានហាមឃាត់នោះ បានក្លាយជាជម្លោះរហូតផ្ទុះជាហិង្សាដាក់គ្នា រវាងមេកន្ទុយលេខ និងកូនកញ្ច្រែង ឬហៅសាមញ្ញថា អ្នកទទួលកត់បន្តឲ្យមេឆ្នោត ដោយសារចោទគ្នារឿងជំពាក់លុយ ០៤លានរៀល។

បើតាមចៅសង្កាត់បានប្រាប់ post news នៅថ្ងៃ២៨ខែសីហានេះថា មេកន្ទុយលេខម្នាក់ប្តឹងកូនកញ្ច្រែងដែលកត់ឆ្នោតប្រគល់ឲ្យខ្លួនថា បានជំពាក់លុយចំនួន៤លានរៀលមិនព្រមសងនិងបង្កហិង្សាទៀតនៅពេលទៅទារលុយដែលជំពាក់នោះឲ្យអាជ្ញាធរសង្កាត់ចោមចៅជួយរកយុត្តិធម៌ឲ្យខ្លួន។ចំណែកឯកូនកញ្ច្រែងឯណោះវិញបានបដិសេធថាខ្លួនមិនបានជំពាក់លុយមេម្នាក់នោះដល់៤លានរៀលនោះឡើយ គឺជំពាក់ត្រឹមតែ១លាន រៀលប៉ុណ្ណោះ ដោយសារតែគេបោកតគ្នា ហើយខ្លួនក៏មិនបានប្រើហិង្សាគប់ទៅលើមេកន្ទុយលេខនោះទេ មានតែមេរូបនោះទេ ដែលបានលើកគ្នាទៅជេរ ប្រមាថរករឿងវាយតប់ខ្លួន និងគំរាមឲ្យកូនចៅចាំវាយ ធ្វើបាបខ្លួនទៀតផង ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។ មេកន្ទុយលេខដ៏ធំម្នាក់នោះឈ្មោះ ប៉ូ យ៉េត ភេទស្រី អាយុជាង៥០ឆ្នាំ មុខរបរជាអ្នកពុះដីឡូលក់ និង ជួលផ្ទះល្វែង ធ្វើមេកន្ទុយលេខ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកកូនកញ្ច្រែងឈ្មោះ ជូ សុភ័ក្រ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅបានប្រាប់ថា ក្រោយពីទទួលបានពាក្យប្តឹងនិងធ្វើការសាកសួរទាំងសង្ខាងហើយមកមិនទាន់បានដោះស្រាយនៅឡើយទេ ដោយលោកចៅសង្កាត់មានជំងឺ និងឲ្យកូនកញ្ជ្រែងជាអ្នកកត់កន្ទុយលេខបញ្ជប់មុខរបរខុសច្បាប់នេះទៀត ។ យោងតាមប្រភពបានឲ្យដឹងថា ពេលមកដាក់ពាក្យប្តឹងនៅសាលាសង្កាត់ គេសង្កេតឃើញ គូជម្លោះមានកំហឹងនិងអត្តចរិកមិនសមរម្យ ដូចមិនយល់ថាមកពឹងពាក់ ឲ្យជួយសម្របសម្រួលអំពីបញ្ហារបស់ខ្លួនឡើយ បែរជាឈ្លោះប្រកែកគ្នាឡូឡាពេញសង្កាត់គ្មានខ្លាចចៅសង្កាត់បន្តិចសោះឡើយ។

ល្បែងប្រជាប្រិយទីណាក៏មាន ហើយឃើញចាប់កន្លែងនេះកន្លែងនោះ នៅតែមានបើកឌឺដាក់អាជ្ញាធរសមត្ថកិច្ចនិងច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ។ ឥឡូវចូលប្តឹងបើកចំហរ រឿងជំពាក់លុយ ឈានដល់បង្កហិង្សា ចោទប្រកាន់គ្នាទៅវិញទៅមក ប្រើរូបភាពគម្រាមទៀត ដូចមិនខ្លាចច្បាប់តែមករកច្បាប់ឲ្យជួយកាត់ក្តី ។

យោងតាមនគរបាលថ្នាក់ក្រោមខ្សឹបប្រាប់មេល្បែង ឈ្មោះ ព្រីង ដែលជាមេកញ្រ្ចែងធំ ហ៊ានព្រមានដក នគរបាល បើហ៊ានចាប់កូនកញ្ច្រែងគេ ដោយគេបោះពាក្យថា គេចង់ដកមេប៉ូលិសណាក៏បាន ដោយគ្រាន់តែប្រើលុយរបស់គេ តែប៉ុណ្ណោះ។ ប្រភពដដែលបានបន្តថា មេល្បែងឈ្មោះព្រីង មានកូនកញ្រ្ចែងកត់ឆ្នោតរាប់សិបកន្លែងឡើងភ្លេចទៅហើយនិងនៅស្ទើរគ្រប់បណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ៕

photo_2016-08-28_21-28-13photo_2016-08-28_21-28-10photo_2016-08-28_21-28-07photo_2016-08-28_21-28-04photo_2016-08-28_21-28-00

មតិយោបល់