ព័ត៌មានជាតិ

ចម្ងល់ពលរដ្ឋ មន្ត្រីយោធាស្រវឹងស្រា បាញ់ផ្អើលខណ្ឌដង្កោ បីថ្ងៃហើយ មិនទាន់បញ្ជូនទៅតុលាការ សង្ស័យដោះលែងបាត់ហើយមើលទៅ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចសហការ ជាមួយអាវុធហត្ថ ចុះឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រា បាញ់បោះសេរីចំនួន ២គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចម្តុំលំនៅដ្ឋានរបស់ជនសង្ស័យផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីយោធាម្នាក់បម្រើការងារ នៅអង្គភាពយោធភូមិភាគពិសេស ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន ក្រោយពីធ្វើសកម្មភាព។

វត្ថុតាងដកហូតបាន អាវុធខ្លី ម៉ាកឡុក១ដើម គ្រាប់ចំនួន១០គ្រាប់ នឹងនៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យរកឃើញសំបកគ្រាប់ ០១គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋតាមតុកាហ្វេ មានចម្ងល់ថា​ រយ:ពេលបីថ្ងៃហើយ មិនទាន់ឃើញបញ្ជូន ជនសង្ស័យជាមន្រ្តីយោធា នៅអង្គភាពយោធ ភូមិភាគពិសេស ទៅតុលាការនោះទេ បន្ទាប់ពីបានបាញ់ផ្អើលខណ្ឌដង្កោ ធ្វើឲ្យពលរដ្ឋនៅទីតាំងកើតហេតុ ព្រលឹងចុងសក់រត់ជាន់ជើងគ្នា ឬមួយគ្រាន់តែដាក់វិន័យកងកម្លាំង បន្ទាប់មកក៏រួចខ្លួន
ឬសង្ស័យស្ងាត់ៗដោះលែងបាត់ ដោយសារមានការអន្តរាគមន៍ពីអ្នកធំហើយមើលទៅ។

ពលរដ្ឋបានបន្តទៀតថា បើដូចអ៊ីចឹងមែន វាជាគំរូមិនល្អដល់សមត្ថកិច្ច ដល់ដទៃទៀតព្រោះប្រទេសមានច្បាប់ គួរតែអនុវត្តឲ្យបានស្មើភាពគ្នា ទោះមិនប៉ះពាល់ដល់អាយុអ្នកដទៃមែន សង្ឃឹមថា មន្ត្រីជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ ដើម្បីឲ្យពលរដ្ឋក្នុងមូលដ្ឋាន ជឿទុកចិត្ត។

យ៉ាងណាមិញក្រុមការសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅមន្ត្រីជំនាញ ថាដូចអ្វីពលរដ្ឋលើកទ្បើងឬទេ? ខាងយើងខ្ញុំ នឹងរង់ចាំបំភ្លឺគ្រប់ពេលវេលា៕

មតិយោបល់