ព័ត៌មានជាតិ

Updated៖ ករណីបុរសម្នាក់ត្រូវរ៉ឺម៉កកង់បីដឹកយកទៅទម្លាក់ចោល មានអាការៈឆ្កែខាំ ស្រាប់តែបណ្ដាលឲ្យស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ៤និង៣៥នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្បែរអង្គការស្គុត ត្រង់ចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីរ៉ឺម៉កកង់មួយគ្រឿង ដឹកសពបុរសម្នាក់ទៅទម្លាក់ចោលមុខផ្ទះពលរដ្ឋ។
ជនរងគ្រោះឈ្មោះ​ ទិត អាត អាយុ ៤១ឆ្នាំ(ស្លាប់) មានប្រពន្ធឈ្មោះ ជឿម ដា អាយុ ៤១ឆ្នាំ ដូចគ្នា។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបឋមពីអាជ្ញាធរបានឲ្យដឹងថា មុនពេលកើតហេតុ បុរសស្រ្តី ២នាក់ប្ដីប្រពន្ធ បានឡើងជិះកង់បីមួយគ្រឿង តាំងពីសង្កាត់ស្ទឹងមានជ័យទី១ ភូមិដំណាក់ធំ ដើម្បីមករកផ្ទះបងប្អូន រហូតដល់ត្រង់ចំណុចខាងលើ ដោយអ្នករត់កង់បីឃើញស្ថានភាពបុរសនោះ មានអាការៈដកដង្ហើម ស្ទើនៅស្ទើទៅ ក៏ស្រាប់តែឲ្យអ្នកទាំង២ ចុះពីលើកង់បីតែម្ដង មិនបានប៉ុន្មាននាទីផង បុរសរងគ្រោះដាច់ខ្យល់ដួលស្លាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។

សូមបញ្ជាក់៖ ករណីនេះមិនមានប្រភពបញ្ជាក់ពីសមត្ថកិច្ចឲ្យបានច្បាស់ថា ជនរងគ្រោះស្លាប់ដោយអ្វីឲ្យប្រាកដឡើយ គ្រាន់តែនិយាយថា កាលពីបី បួនថ្ងៃមុន ជនរងគ្រោះត្រូវឆ្កែខាំ ស្រាប់តែមានអាការៈបែបនិង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ ក៏ឲ្យរថយន្តដឹកសាកសព យកទៅតម្កល់នៅឯវត្តសំបូរមាស ដើម្បីរង់ចាំមន្ត្រីជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ថាស្លាប់ដោយសារមូលហេតុអ្វី? ប៉ុន្តែក្រុមការងារសារព័ត៌មាន Post News មិនបានទំនាក់ទំនងទេ៕

មតិយោបល់