ព័ត៌មានជាតិ

កុងតឺន័រ បើកកៀរម៉ូតូអ្នកដឹកផលិតផលអនឡាញ ដួលបោករងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤

ភ្នំពេញ: បុរសជាអ្នកដឹកផលិតផលអនឡាញម្នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រ បើកបុកកៀរម៉ូតូស្របទិសគ្នា។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ខាងលិចផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះ ជាអ្នកដឹកផលិតផលអនឡាញ ជិះម៉ូតូមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HT-9882 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក កុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ PSHN-0115 បើកបរស្របទិសគ្នា បានបុកកៀរ បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ ភ្លាមៗរថយន្តបង្ក មិនបានឈប់ទេ ព្យាយាមបើករត់គេច ទៅតាមមហាវិថីឈ្នះឈ្នះ ដល់មុខរោងចក្របឺរី ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំគោលដៅភ្លើងស្តុបក្បែរនោះ អន្តរាគមន៍ ដេញតាមឃាត់បាន ទាំងអ្នកបើកបរផងដែរ រីឯជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ លើកចូលទៅគ្លីនិកឡាំប៊ុនថន ក្បែរនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលចុះទៅវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់