ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ងៀតត្រីរ៉ស់ លតអង្ករ បង្អែមបាញ់ឌុក មន្ត្រីជំនាញរកឃើញមានសារធាតុគីមី

ស្វាយរៀង: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារវាលយន្តទីរួមខេត្តស្វាយរៀង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារចំនួន ២១គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនរួមមាន៖
-លតអង្ករ ចំនួន ៥គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ( Borax )
-បង្អែមបាញ់ឌុក ចំនួន ៥គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ( Borax )
-ងៀតត្រីរ៉ស់ ចំនួន ៣០គីឡូក្រាម ខូចគុណភាព
សរុបទំនិញខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលមន្ត្រីជំនាញដកហូតបានចំនួន ៤០ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់