ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹង បើកលុចស៊ីស RX330 បុកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ១គ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកទ្រូងផ្លូវ បាក់អស់២កង់ និងបង្គោលភ្លើងបំភ្លឺង១ដើមបាក់រៀបដល់ដី សំណាងមិនមានមនុស្សរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AP-8723 ធ្វើដំណើរពីលិចទៅកើតបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់២កង់ និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបាក់រៀបដល់ដី ចំណែករថយន្តបង្ក រងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច។ ភ្លាមៗនោះ ម្ចាស់រថយន្ត ចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងជំនាញឲ្យចុះវាស់វែង ស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់