ព័ត៌មានជាតិ

ញៀននឹងល្បែង បែកគំនិតលួចម៉ូតូគេបានសម្រេច តែគេចមិនរួច

ភ្នំពេញៈ បុរសដែលជាជនសង្ស័យវ័យចំណាស់ម្នាក់ញៀននឹងល្បែងខ្លាំងពេក រហូតចាញ់អស់ប្រាក់រាប់ពាន់ដុល្លារ ក៏បែកគំនិតធ្វើសកម្មភាពបន្លំលួចយកម៉ូតូមួយគ្រឿង​ ពីចំណតផ្ញើរម៉ូតូផ្សារអ៊ីអនម៉ល កាលពីវេលាម៉ោង ១៧និង៣៥នាទី ថៃ្ងទី២៧ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចកន្លែងផ្ញើរម៉ូតូខាងមុខបរិវេណផ្សារអ៊ីអនម៉ល ដែលមានទីតាំងនៅតាមបណ្តោយផ្លូវស.បិត ភូមិ០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពបន្លំលួចម៉ូតូរបស់គេខាងលើនេះ មានឈ្មោះ ចន្ទ័ រស្មី ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៦១ ផ្លូវ៩៩ ភូមិ០៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ.ព1 -9697។ រីឯនារីរងគ្រោះ មានឈ្មោះ ធុច សុវណ្ណសិកា ភេទស្រី អាយុ២៤ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ជាម្ចាស់ម៉ូតូម៉ាក គុបជ្រុង ៩០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភព1- 1622 ។

​យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក គុបជ្រុង ៩០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភព1- 162 ចេញពីផ្ទះរបស់ខ្លួនក្នុងសង្កាត់ផ្សារកណ្តាល គោលបំណងមកលេង និងរកហូបអីនៅក្នុងផ្សារអ៊ីអនម៉ល ដោយជនរងគ្រោះបានផ្ញើរម៉ូតូរបស់នាង ទុកនៅកន្លែងផ្ញើរម៉ូតូខាងមុខផ្សារ បន្ទាប់មកជនរងគ្រោះក៏ដើរចូលទៅក្នុងផ្សារ ដើម្បីរកហូបអី លុះរយៈពេលប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះ ក៏ចេញមកខាងក្រៅវិញ និងដើររកម៉ូតូដើម្បីជិះត្រឡប់ទៅផ្ទះ ប៉ុន្តែរកអស់រយៈពេលជាយូរ នៅតែមិនឃើញម៉ូតូរបស់នាងនោះទេ ទើបសន្តិសុខដែលយាមនៅខាងមុខផ្សារអ៊ីអន បានចេញមកជួយដើររកម៉ូតូរបស់នាង ប៉ុន្តែនៅតែមិនឃើញដដែល។

ក្រោយមកទើបខាងសន្តិសុខ បានប្រាប់មកកាន់ជនរងគ្រោះថា ឲ្យត្រឡប់មកផ្ទះសិន ចាំគេតាមរកមើលឲ្យ។ ក្រោយមកកម្លាំងសន្តិសុខដែលយាមនៅផ្សារខាងលើ បានចូលទៅឆេកមើលប្រព័ន្ធកាមេរ៉ា សុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុ ក៏បានឃើញមុខរបស់ជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហមរបស់ខ្លួន មកឈប់ផ្ញើរ រួចបានធ្វើសកម្មភាពបន្លំជិះយកម៉ូតូរបស់ជនរងគ្រោះខាងលើនេះទៅតែម្តង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យខាងលើនេះ បានត្រឡប់មកវិញចូលទៅកន្លែងផ្ញើរម៉ូតូយកម៉ូតូរបស់ខ្លួន ក៏ត្រូវបានកម្លាំងសន្តិសុខផ្សារឃើញក៏ស្ទាក់ចាប់ឃាត់ខ្លួនផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាវាយស្វាគមន៍ម្នាក់មួយដៃរួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះ បានសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបន្លំលួចយកម៉ូតូរបស់គេខាងលើនេះ គឺដោយសារតែ ខ្លួនគឺជាមនុស្សដែលញៀននឹងល្បែងរ៉ូលេត នៅណាហ្គារាល់ថ្ងៃ ហើយពេលខ្លះទៀតនៅមានលួចចាក់កន្ទុយលេខ នៅខាងក្រៅដោយមិនដែលឈ្នះនោះទេ បើគិតជាសាច់ប្រាក់វិញ គាត់លេងល្បែងចាញ់អស់ប្រហែល៤ពាន់ដុល្លារមកហើយក្នុងរយៈពេលជាង៤ខែកន្លងមកនេះ។ លុះដល់ថៃ្ងកើតហេតុនេះ ក៏ចាញ់អស់ប្រាក់បន្តទៀត ទើបគិតអ្វីមិនចេញ ក៏បែកគំនិតជិះម៉ូតូរបស់ខ្លួនចូលមកផ្ញើរ រួចបន្លំលួចម៉ូតូរបស់ជនរងគ្រោះខាងលើបានសម្រេច យកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ បានប្រាក់ចំនួន២០០ដុល្លារ ហើយក៏ត្រឡប់មកយកម៉ូតូរបស់ខ្លួនវិញ ក៏ត្រូវបានសន្តិសុខផ្សារចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ​

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការសាកសួរ បញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

photo_2016-07-29_12-19-29photo_2016-07-29_12-19-27photo_2016-07-29_12-19-25

មតិយោបល់