ភ្នំពេញៈ ក្រោយពីធ្វើការសិក្សាបឋមនៅក្នុងប្រទេសកម្ពុជាមួយរយៈមក ប្រទេសណូវែលហ្សេឡង់ បានមើលឃើញពីលទ្ធភាពក្នុងការជួយកម្ពុជាលើការលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងចាប់អារម្មណ៍ទៅលើការគាំទ្រសមត្ថភាពកសិករខ្នាតតូច លើការប្រើប្រាស់បច្ចេកទេសក្នុងការដាំដុះ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យ លោក តូនី បេង នាយកគ្រប់គ្រងការអភិវឌ្ឍអាស៊ានផែ្នកអភិវឌ្ឍន៍សកល នៃក្រសួងការបរទេសនិងធុរកិច្ច ប្រទេសណូវែលហ្សេឡង់ និងគណៈប្រតិភូចូលជួប ដើម្បីរាយការណ៍ពីការសិក្សាបឋម និងបង្ហាញពីលទ្ធភាពដែលរដ្ឋាភិបាលណូវែលហ្សេឡង់ អាចចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
លោក តូនី បេង និងគណៈប្រតិភូបានចាប់អារម្មណ៍ទៅលើការគាំទ្រសមត្ថភាពកសិករខ្នាតតូច លើការប្រើប្រាស់បច្ចេកទេសក្នុងការដាំដុះ។ លោកមានបំណងរៀបចំគម្រោង ដែលមានលក្ខណៈទ្រទ្រង់ដល់ជីវភាពប្រជាកសិករខ្នាតតូច ក្នុងនោះក្រុមការងាររបស់លោកនឹងចាប់ផ្តើមជាមួយនឹងគម្រោងបន្លែ។
ហើយគម្រោងនេះនឹងជួយផ្តល់កសិករនូវការប្រើប្រាស់បច្ចេកទេសឱ្យបានត្រឹមត្រូវ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។
បន្ថែមពីនេះតាមរយៈការអនុវត្តគម្រោងនេះក៏នឹងជួយ ជម្រុញការប្រើប្រាស់ទឹកឲ្យកាន់តែមានប្រសិទ្ធភាព និងការពង្រឹងគុណភាពទឹក ដើម្បីធានានូវគុណភាពនៃកសិផល និងការប្រើប្រាស់បច្ចេកទេសក្រោយការប្រមូលផលដំណាំបន្លែក្នុងនោះរួមមាន រយៈពេលនៃការប្រមូលផល បច្ចេកទេសក្នុងការរក្សាគុណភាពបន្លែ និងវិធីសាស្រ្តក្នុងការដឹកជញ្ជូនផងដែរ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់នាយកគ្រប់គ្រងការអភិវឌ្ឍអាស៊ានផែ្នកអភិវឌ្ឍន៍សកល នៃក្រសួងការបរទេសនិងធុរកិច្ច ប្រទេសណូវែលហ្សេឡង់ ដែលបានចាប់អារម្មណ៍ក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “បច្ចុប្បន្នកសិករកំពុងជួបប្រទះនូវបញ្ហាថ្លៃដើមខ្ពស់ ដែលបង្កឲ្យតម្លៃផលិតកម្មកសិកម្មមិនមានភាពប្រកួតប្រជែង ហើយបច្ចេកទេសនៃការរៀបចំផែនការដាំដុះ និងគុណភាពដំណាំ នៅកម្ពុជានៅមានកម្រិត ដែលមិនទាន់អាចឆ្លើយតបទៅនឹងតំរូវការទីផ្សារអន្តរជាតិនៅឡើយ”។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការដាំដំណាំចម្រុះ នៅតាមតំបន់មួយចំនួនដែលកសិករមានដីកាន់តែតូច ដើម្បីកែប្រែស្ថានភាពគ្រួសាររបស់ពួកគាត់ឲ្យកាន់តែមានភាពប្រសើរឡើង។ ដូច្នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគនេះ និងសង្ឃឹមថា គម្រោងនឹងអាចដំណើរនាពេលឆាប់ៗខាងមុខនេះ ដើម្បីជួយកសិករខ្នាតតូចរបស់កម្ពុជា និងជួយផ្លាស់ប្តូរឥរិយាបថកសិករពីធ្វើកសិកម្មតាមទម្លាប់មកចាប់យកកសិកម្មបែបទំនើប និងមានបច្ចេកទេសទាន់សម័យក្នុងការដាំដុះ៕
មតិយោបល់