ព័ត៌មានជាតិ

Updated៖ លោកគ្រូពេទ្យម្នាក់ បើករថយន្តបុកម៉ូតូបត់ឆ្លងផ្លូវអូសច្រើនម៉ែត្រ ផ្ដាច់ជីវិតប្ដីប្រពន្ធ ២នាក់

ស្វាយរៀងៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង/ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបបុកម៉ូតូ។

ជនរងគ្រោះឈ្មោះ ហាស់ ចន អាយុ ៧០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1D-4759។ រួមដំណើរជាមួយឈ្មោះ តូច សុខ ភេទស្រី អាយុ ៦៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា អ្នកទាំង ២ជាប្ដីប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ)។
រថយន្តបង្ករបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 12.2-0735 អ្នកបើកបរឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក ដឹកសិស្សរងគ្រោះម្នាក់ ដែលដួលសន្លប់ចេញពីមន្ទីរពេទ្យស្រុកស្វាយទាប ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្ត ស្រាប់តែមកដល់ចំណុចខាងលើ ជាផ្លូវបំបែកមានម៉ូតូជនរងគ្រោះ បានបត់ឆ្វេង ក៏បុកបណ្ដាលឲ្យអូសច្រើនម៉ែត្រ និងមនុស្សស្លាប់យ៉ាងអាណោចអធ័មតែម្ដង ក្រោយពេលកើតហេតុសព ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តជម្ពូរព្រឹក្សា ហៅវត្តថ្មី ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង/ខេត្តស្វាយរៀង ដើម្បរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ ជនរងគ្រោះបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តបង្ក ប្រើប្រាស់ល្បឿនលឿន៕

មតិយោបល់