ព័ត៌មានជាតិ

លោក ស ថេត៖ អត្រាគ្រោះថ្នាក់ចរារចណ៍ក្នុងរាជធានីភ្នំពេញ នៅពេលយប់មានចំនួនច្រើន សមត្ថកិច្ចនឹងរឹតបន្ដឹង​ច្បាប់ហើយ…

ភ្នំពេញ: យោងតាមគណន័យហ្វេសបុក លោក ស ថេត បានឲ្យដឹងថា ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅពេលយប់ មានចំនួនច្រើនហេតុដូច្នេះក្នុងពេលឆាប់ៗខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមដោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វើយ៉ាងណាត្រូវខិតខំដើម្បីកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ ឲ្យសិក្សាស្រាវជ្រាវឲ្យបានច្បាស់ ថាតើករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគម្បីដាក់កម្លាំងអនុវត្តការងារឲ្យបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។

ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមស្នងការបានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់ស្តែង យកមកវិភាគ ប្រៀបធៀប ថាតើក្នុងកំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតើមានការថយចុះកម្រិតណា ?

ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើជនបរទេសដែលបើកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រើប្រាស់រថយន្តដែលមានស្លាកលេខ នប និង ខម ។ល។

ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឈដ្ឋានទូទៅ៕

មតិយោបល់