បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីឈ្មោះ អ៊ិន គឹមឃន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិវត្តរការ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើង (លួចម៉ូតូរបស់ខ្លួន) នៅចំណុចភូមិសង្កាត់ខាងលើ ។
ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលក្រុងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានការអនុញ្ញាតលើការបញ្ជាចាប់ខ្លួនពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ឆឺត ឈៀប ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិបល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួចខាងលើ ។
ក្នុងការសួរចម្លើយនេះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ លេខតួនិងលេងម៉ាស៉ីន ND125ME-8458115 ពាក់ស្លាកលេខ 1F-7655។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់