កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ត្រូវបានឡើងកាន់ជា ស្នងការ ជំនួសតំណែងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅបម្រើការជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រារព្វធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ តាមមន្ទីរជុំវិញខេត្ត ប្រធាន-អនុប្រធានសាខាគយ និងរដ្ឋាករ សាខាពន្ធដារ អភិបាលស្រុក អធិការស្រុក ជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានប្រកាសស្តីពី៖ ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដែលចេញនិងចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ និងយោងតាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននតរបាលជាតិ បានសម្រេច៖
ប្រការ១: ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម ៖ ១.លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ពីស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន ។
ប្រការ២.លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលទើបឡើងកាន់តំណែង បានឡើងប្តេជ្ញាចិត្តចំពោះគណៈអធិបតីយ៉ាងដូច្នេះថា៖ ថ្ងៃនេះគឺជាថ្ងៃមួយដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតសម្រាប់រូបខ្ញុំ ក៏ដូចជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសបានទទួលនូវការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាឱកាសនេះ។ ដើម្បីសម្តែងនូវទឹកចិត្តដ៏ស្មោះស្ម័គ្រភក្តី ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ខ្ញុំបាទសូមធ្វើការសន្យាដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្ត ដូចតទៅ ៖
-សន្យាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។
-គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
-យកអស់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញាដើម្បីបំរើផលប្រយោជន៍ប្រជារាស្ត្រ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ប្រយោជន៍របស់ប្រជារាស្ត្រឡើយ ។
-គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទប្បញ្ញតិនិងបទបញ្ជាផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។
-អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ។
-រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងទៀតឲ្យបានល្អប្រសើរ ។
-ជាទីបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកគណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតំលៃដើម្បីមកចូលរួមក្នុងឱកាសនេះ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណ និងសូមគោរពជូនពរ លោកគណៈអធិបតី ភ្ញៀវកិត្តិយសទាំងអស់ក្នុងអង្គពិធីទាំងមូល សូមទទួលបាននូវសុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តល់ជាមតិ និងផ្តាំផ្ញើថា សូមសរសើរដល់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ត្រូវបានថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មានទំនុកចិត្ត ផ្តល់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសូមឲ្យលោកប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សមត្ថភាព ដឹកនាំកម្លាំងចូលរួមការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍លើកឡើងពីតំណែងរបស់លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន កាន់តំណែងជាស្នងការយូរជាងគេមានរយៈពេល១៥ឆ្នាំ ដែលអាចនិយាយបានថា នឹងអាចមានចំណុចល្អ ចំណុចខ្វះខាត អាចនឹងកើតមានខ្លះ។ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការបន្តថា ចំពោះការតាំងចិត្ត ឬការប្តេជាចិត្តដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការឡើងថ្មី សូមឲ្យធ្វើការជោគជ័យ ហើយការសម្រេចចិត្តរបស់លោកស្នងការថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ជឿជាបណ្តោះអាសន្នសិន និងសូមឲ្យភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីជួយធ្វើជាសាក្សី ពិសេសសូមឲ្យកម្លាំងនគរបាលខេត្តទាំងអស់ខិតខំបំពេញការងារ ដោយសហការ សាមគ្គីផ្ទៃក្នុង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍លើកឡើងពីការដឹកនាំរបស់ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំការងារទទួលបានជោគជ័យជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អស់រយៈពេលជាច្រើនឆ្នាំ និងជារនាំងការពាររាជធានីភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា មានស្ថេរភាព សន្តិភាពពេញលេញ ៕
មតិយោបល់