ព័ត៌មានជាតិ

អតីត​អគ្គនាយក ទទ​ក ចូល​បម្រើ​ការងារ​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​មុខតំណែង​ជា​មន្ត្រី​ធម្មតា​

​ភ្នំពេញ​៖ អតីត​អគ្គនាយក​នៃ​ទូរ​ស​ទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែ​ឧសភា ឆ្នាំ ២០១៤ ក្រោយ​ពេល​ឈប់​សម្រាក់​ប្រមាណ​ជា​មួយ​សប្ដាហ៍​។​

​លោក កឹម គុណ​វឌ្ឍន៍ ត្រូវបាន​គេ​ដឹងថា បាន​ដាក់ពាក្យ​លាឈប់​ពី​តំណែង អគ្គនាយក​នៃ​ទូរ​ស​ទស្សន៍​ជាតិ​កម្ពុជា ដោយ​មូលហេតុ​ត្រូវបាន​គេ​សង្ស័យថា មក​ពី​មិន​ផ្សាយ​ផ្ទាល់​នូវ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គល​កាលពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា ឆ្នាំ ២០១៤​។​

​បើ​តាម​ការឲ្យដឹង​បន្ថែម ការវិលត្រឡប់​មក​វិញ​នេះ លោក កឹម គុណ​វឌ្ឍន៍ មិន​បាន​មក​កាន់​តំណែង​ជា​អគ្គនាយក​នៃ​ទូរ​ស​ទស្សន៍​ជាតិ​កម្ពុជា ដូច​មុន​នេះ​ទេ ពោល​គឺ​លោក​គ្រាន់តែ​ជា​មន្ត្រី​ធម្មតា​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ព័ត៌មាន​បាន​ប្រកាស​តែងតាំង លោក ប៉ាង ណាត មុខតំណែង​ជា​អគ្គនាយករង​នៃ​ទូរ​ស​ទស្សន៍​ជាតិ​កម្ពុជា ឲ្យ​ឡើង​ជា​អគ្គនាយក​ស្ដីទី បន្ទាប់ពី​លោក កឹម គុណ​វឌ្ឍន៍ លាឈប់​៕​
Kem-Gunawadh

មតិយោបល់