ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តស្តារិច កំពុងឈប់ចតរង់ចាំភ្លើងស្តុប បណ្តាលឲ្យរងខូចខាត និងរបួសដំណំ រួចទារលុយសំណងពីខាងរថយន្តចំនួន ៨០០ដុល្លារ ដោយចោទថា ឡានចេះតែឈប់ មិនបើកទៅមុខ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ តាមផ្លូវសហព័ន្ធរុស្សី ស្តុបព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រៅនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-4314 បើកបរដោយជនជាតិចិន បើកពីកើតទៅលិច ដល់ចំណុចខាងលើ បានឈប់ភ្លើងស្តុបក្រហម ស្រាប់តែម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-9490 បើកបរដោយឈ្មោះ តិ ពន្លឹក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានបើកបោះពួយល្បឿនលឿនពីកើតទៅលិច សង្ស័យមិនមើលភ្លើងស្តុប ក៏ជ្រុកទៅបុកពីក្រោយរថយន្តទាំងកំរោល ហើយពេលដឹងថា អ្នកបើកបរជាជនបរទេស ទារឲ្យសង៨០០ដុល្លារ ទោះជាគេប្រាប់ថា បើកបុកគេពីក្រោយខុសហើយ នៅមកទារលុយគេទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅសម្របសម្រួល យករថយន្ត និងម៉ូតូដាក់កៀនខាង ជៀសវាង ការកកស្ទះចរាចរណ៍ ដោយនិយាយគ្នា មិនត្រូវ ទើបប្រគល់ឲ្យជំនាញ វាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះជ្រោយបន្ត៕
មតិយោបល់