ព័ត៌មានជាតិ

កម្សត់ណាស់! បាត់ប្រពន្ធ និងកូន បុរសម្នាក់ បានត្រឹមកាន់រូបថត ដើររក៤ខែមកហើយ គ្មានដំណឹងសោះ

ភ្នំពេញ: បុរសម្នាក់ កាន់រូបថតប្រពន្ធ និងកូន ដើររករហូតតាំងពីចុងឆ្នាំ២០១៩ គ្រប់ទិសទី តែនៅគ្មានដំណឹងទាល់តែសោះ ទើបនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ គាត់បានមកដល់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសួរនាំ ក្រែងបានដំណឹងខ្លះ តែនៅតែគ្មានដដែល។

បុរសខាងលើឈ្មោះ សៀង ខាំភុយ ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រីលើ ឃុំគួយម៉ែង ស្រុកមង្គល់បុរី ខេត្តបន្ទាយមាយជ័យ។ ចំណែកប្រពន្ធ ដែលបាត់ខ្លួនឈ្មោះ សេងសុភ័ក្ត្រ ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ម្ជូរ ចង្រឹត កន្តេះឡង់បំពង តាមកម្មវិធីផ្សេងៗ មានស្រុកកំណើតនៅខេត្តកំពង់ធំ ចំណែកកូនស្រីឈ្មោះ សៀង សុវិន អាយុ៨ឆ្នាំ។

តាមការរៀរាប់ពីបុរសខាងលើ បានឲ្យដឹងថា ចាប់តាំងពីពួកគាត់ បានចាប់ដៃគ្នាជាប្តីប្រពន្ធមក គឺបានប្រកបមុខរបរជាអ្នកលក់ដូរ ដើរលក់គ្រប់ទីកន្លែង។ មុនពេលប្រពន្ធ និងកូនបាត់ខ្លួន ពួកគាត់បានមកស្នាក់នៅខេត្តកណ្តាល ដើម្បីលក់ដូរបន្ត រហូតដល់អំឡុងខែ១០ ឆ្នាំ២០១៩ ប្រពន្ធគាត់ មានទំនាក់ទំនងជាមួស្រ្តីម្នាក់ ជាអ្នកលក់ដូរដូចគ្នា ដោយទាក់ទងតាមទូរស័ព្ទ រហូតដល់ថ្ងៃបាត់ខ្លួន ប្រពន្ធគាត់ បានទៅលក់ដូរដូចធម្មតា តែគាត់មិនបានទៅជាមួយទេ ស្រាប់តែថ្ងៃនោះ គឺបាត់ដំណឹងប្រពន្ធ និងកូនស្រីតែម្ដង ទោះបីជាគាត់ខំដើររកយ៉ាងណា ក៏នៅតែគ្មានដំណឹងសោះ មកទល់ពេលនេះ គឺមានរយ:ពេល ៤ខែហើយ។

តាមការរៀបរាប់របស់បុរសខាងលើ បានបន្តទៀតថា គាត់មិនបានខឹង ឬ ស្តីបន្ទោសអ្វីឡើយទៅលើប្រពន្ធរបស់គាត់ គាត់សុំត្រឹមឲ្យប្រពន្ធ និងកូនស្រីរបស់គាត់វិលត្រឡប់មកវិញ ដើម្បីជួបជុំគ្រួសាររស់នៅជាមួយគ្នាតទៅមុខទៀត៕

មតិយោបល់