ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវឃាត់ពីបទដាក់អន្ទាក់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក

មណ្ឌលគិរីៈ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទដាក់អន្ទាក់សត្វព្រៃ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ បទល្មើសដែលមានចែង ក្នុងមាត្រា៥៦ និងមាត្រា៦១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ប្រព្រឹត្តនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

ជនត្រូវចោទឈ្មោះ សុភា ប៊ុស៊ី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបាន ខណៈជននេះ បានលួចធ្វើសកម្មភាពរាយខ្សែអន្ទាក់ ដើម្បីចាប់សត្វព្រៃ នៅចំណុចច្រប់ស្វាយ ស្ថិតក្នុងភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

វត្ថុតាងជាក់ស្ដែងនៃបទល្មើសធនធានធម្មជាតិ ដែលត្រូវមន្ត្រីឧទ្យានុរក្ស ដកហូតបានរួមមាន ÷
១. អន្ទាក់ខ្សែក ចំនួន៦ខ្សែ
២.ម៉ូតូចំនួន១គ្រឿង

បច្ចុប្បន្នវត្ថុតាង ត្រូវបានមន្ត្រីឧទ្យានុរក្សដុតកម្ទេចចោល ចំណែកអន្ទាក់ខ្សែប្រមាណ៥០ខ្សែទៀត នៅកន្លែងកើតហេតុ ត្រូវបានមន្ត្រីឧទ្យានុរក្សដោះប្រមូល និងសាកម្ទេចចោល៕

មតិយោបល់