ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាប់ចំណាត់ថ្នាក់ខាងដើរលួចគាស់ ឆ្កឹះសោបន្ទប់ យកទ្រព្យសម្បត្តិ ជាលក្ខណៈអាជីព មិនដែលតាមទាន់ អស់រយៈពេលជាង ៣ឆ្នាំ លើកចុងក្រោយ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចោរអស់លក្ខណ៍ ពលរដ្ឋតាមទាន់ប្តឹងប៉ូលិសចាប់ខ្លួនបាន គ្រាដែលកំពុងធ្វើសកម្មភាព នៅចំណុចតាមបន្ទប់ផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ យិន សុជាតា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់មីឆា បាយឆា និងដើរលួចទ្រព្យសម្បត្តិ តាមបន្ទប់ជួល មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកដើមបណ្តឹង ជាជនរងគ្រោះ រហូតដល់ទៅ ៥នាក់តែម្តងរួមមាន៖
១/ ឈ្មោះ អាន ស្រីវីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុ បាត់លុយ ៥០ដុល្លារ ទូរស័ព្ទ ២គ្រឿង ។
២/ ឈ្មោះ សុខ ស៊ីនឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់១៩ កន្លែងកើតហេតុ មានស្រុកកំណើត ខេត្តព្រៃវែង។
៣/ ឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៤/ ឈ្មោះ ផេង ផល្លា ភេទស្រី អាយុ ៣៥ឆ្នាំ ។
៥/ ឈ្មោះ ជន វណ្ណា ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើត ខេត្តកំពង់ចាម ។
បើតាមសម្តីជនសង្ស័យបានឲ្យដឹងថា ក្រៅពីរបរលក់បាយឆា មីឆា នៅផ្ទះ បានលុយចាយមិនគ្រប់សម្រាប់ប្រចាំរាល់ថ្ងៃ មានឱកាស ដើរឆ្កិះសោបន្ទប់ជួលរបស់កម្មករ ហើយកម្មភាពនេះទៀតសោត អស់រយៈពេលជាង ៣ឆ្នាំមកហើយ បានសម្រេចរហូត មិនដែលសមត្ថកិច្ចចាប់បាន ។ ជនសង្ស័យបន្តទៀតថា តាមបន្ទប់ជួលរបស់កម្មករ ពុំសូវមានលុយកាក់ប៉ុន្មានទេ តែឱកាសល្អសម្រាប់ប្រព្រឹត្ត កុំឲ្យស៊យដៃ ប៉ះរបស់អ្វីយកនឹង រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈដែលឆ្កិះសោរបន្ទប់បាន ៤ហើយ លួចលុយ ខ្សែក នាឡិកា លុះកំពុងចូលបន្ទប់ទី៥ របស់ជនរងគ្រោះ ផេង ផ្លា ម្ចាស់មកទាន់ ស្រែកឆោឡោ ពលរដ្ឋព័ទ្ធចាប់ ប្រគល់ខ្លួនឲ្យប៉ូលិស ។
រីឯជនរងគ្រោះវិញ នាំគ្នាត្អូញត្អែថា ច្រើនលើក ច្រើនសារហើយ ចេះតែបាត់ សម្ភារៈ តាមមិនដែលទាន់ចោរឡើយ ទើបលើកនេះ ជនសង្ស័យដូចជាព្រហើនណាស់ ឆ្លៀតឱកាសម្ចាស់ចេញទៅធ្វើការងារបាត់ ដើរឆ្កិះសោរបន្ទប់ តាមទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ផ្អែកលើដើមបណ្តឹង ជនរងគ្រោះរហូតដល់ទៅ ៥នាក់ ក្រោយមកសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ បន្តតាមនីតិវិធី ៕
មតិយោបល់