ព័ត៌មានជាតិ

ខឹងម្តាយរឿងសុំទុកទ្រព្យសម្បតិ្តបន្តិចបន្តួចឲ្យបងៗខ្លះផង រត់ទៅទិញថ្នាំបំពុលកណ្តៀរផឹក

ត្បូងឃ្មុំៈ ស្រ្តីម្នាក់ គ្រាន់តែរឿងម្តាយថា សុំទុកទ្រព្យសម្បត្តិបន្តិចបន្តួចទុកឲ្យបងៗខ្លះផង ក៏កើតក្តីទុក្ខទោម្និញ ខឹងចិត្ត យកថ្នាំបំពុលកណ្តៀរផឹករួចបែកពរពុះមាត់ស្លាប់តែម្តង។

ហេតុការណ៍ស្រ្តីចិត្តនៅចុងច្រុះនេះ បានកើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មានប្រជាពលរដ្ឋឈ្មោះ ភួង ចន្ថា ហៅណេម ភេទស្រី អាយុ 31ឆ្នាំ ប្តីឈ្មោះ ថេត សំអុន អាយុ 37ឆ្នាំ នៅភូមិកើតហេតុ បានធ្វើអត្តឃាតដោយផឹកថ្នាំបំពុលសត្វកណ្តៀរ បណ្តាលឲ្យស្លាប់ នៅម៉ោង12 ថ្ងៃត្រង់ ថ្ងៃដដែល បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឈ្លោះ ជាមួយម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឈួន ឆាន អាយុ 70ឆ្នាំ ពីរឿងបែងចែកដីកេរមរតក ។ ម្តាយ បានស្តីបន្ទោសកូនជាជនរងគ្រោះថា ង៉ែងកូនពៅ បានដីភូមិ និងផ្ទះសម្បែង រួមនិងដីស្រែចំការប៉ុណ្ណឹងហើយ ង៉ែងចង់បានអីទៀត អញទុកឲ្យបងៗ គេបានសមរម្យខ្លះផង។

ការឈ្លោះពាក្យសំដីបន្តិចបន្តួចនេះ ធ្វើឲ្យជនរងគ្រោះអន់ចិត្តនឹងម្តាយខ្លួន ថាម្តាយមិនស្រឡាញ់ខ្លួន ក៏សម្រេចចិត្តទិញថ្នាំបំពុលកណ្តៀរ យកមកផឹកនៅក្រោមដើមគរ ឯវាលស្រែចម្ងាយប្រមាណ 1.000 ម៉ែត្រ ខាងជើងភូមិអំពិលជ្រុំ ឃុំទន្លេបិទ តែម្តងទៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយផឹកថ្នាំពុលពិតប្រាកដមែន៕

photo_2016-07-29_19-32-27photo_2016-07-29_19-32-30photo_2016-07-29_19-32-33photo_2016-07-29_19-32-35photo_2016-07-29_19-32-38photo_2016-07-29_19-32-41photo_2016-07-29_19-32-44photo_2016-07-29_19-32-47photo_2016-07-29_19-32-49

មតិយោបល់