ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្រ្តីការបរទេស៖ កម្ពុជាជាអ្នករងភាពអយុត្តិធម៌ច្រើនជាងគេ ជុំវិញរឿងសមុទ្រចិនខាងត្បូង

ភ្នំពេញៈ ដើម្បីឆ្លើយតបទៅនិងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងសមុទ្រចិនខាងត្បូង លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយឥតព្រៀងទុក កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ថា នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានការប្រជុំផ្លូវការ និងលក្ខណៈចង្អៀត ហើយពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូងវាមានជំហរខុសគ្នាមិនមែនទើបតែពេលនេះទ វាមានតាំងពីយូរណាស់មកហើយ ហើយជម្លោះនៅសមុទ្រចិនខាងត្បូងវាមានយូរជាងនឹងទៅទៀត។ លោកបន្តថា នៅកិច្ចប្រជុំនៅវៀងច័ន្ទ ប្រទេសឡាវ មានសារព័ត៌មានមួយចំនួន មុននឹងរដ្ឋមន្ត្រីការបរទេសចាប់ផ្តើមជួបគ្នា បានចោទប្រកាន់កម្ពុជាថា ធ្វើឲ្យរាំងស្ទះការចេញនៅសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានរួចទៅហើយ ខណៈដែលរដ្ឋមន្ត្រីមិនទាន់បានជួបជជែកគ្នាផង ហើយបានចោទប្រកាន់កម្ពុជាថា ជាអ្នកធ្វើឲ្យរាំងស្ទះ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា “ការចោទនេះ ទី១. មិនត្រឹមត្រូវ និងទី២. មិនយុត្តិធម៌ទេ។ ម៉េចបានថា មិនយុត្តិធម៌ ពីព្រោះប្រទេសនិមួយៗមានជំហរខុសៗគ្នា យើងបញ្ចេញមតិរបស់យើង គេបញ្ចេញមតិរបស់គេ។ អីចឹងឲ្យតែមតិរបស់កម្ពុជាសុទ្ធតែខុស មតិរបស់គេសុទ្ធតែត្រូវ មិនត្រូវប្រកាន់ជំហរចឹងទេ”។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា បញ្ហាសមុទ្រិនខាងត្បូងនេះ សភាពការណ៍វាបានដុនដាប ពិសេសបន្ទាប់ពីតុលាការមជ្ឈិតកម្មអចិន្ត្រៃយ៍បានចេញនៅសេចក្តីរបស់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ ធ្វើឲ្យភាគីមួយចំនួនស្រែកថា ខ្លួនបានទទួលជោគជ័យ ហើយភាគីមួយចំនួនទៀតស្រែកថា បដិសេធ ហើយចាប់តាំងពីថ្ងៃដែលប្រទេសហ្វីលីពីនបានដាក់ពាក្យប្តឹងទៅតុលាការមជ្ឈិតកម្មនេះ។ សាធារណរដ្ឋប្រជាមានិតចិន គាត់បានបញ្ជាក់ពីជំហររបស់គាត់រួចទៅហើយ ផ្អែកតាមការធ្វើសេចក្តីថ្លែងការណ៍របស់គាត់តាំងពីឆ្នាំ២០០៦ មកម៉្លេះ ផ្អែកទៅលើមាត្រា២៩៨ គឺប្រទេសចិនមិនទទួលយកនៅការធ្វើមជ្ឈិតកម្មជាលក្ខណៈបង្ខំនៅលើខ្លួននោះទេ បានន័យថា បើខ្លួនមិនទទួលយក មិនទទួលស្គាល់នៅការកាត់សចក្តីរបស់តុលាការនេះ គឺតុលាការនេះអត់មានន័យអីចំពោះខ្លួននោះទេ។

លោកទេសរដ្ឋមន្ត្រីលើកឡើងទៀតថា “នៅពេលដែលចេញសេចក្តីសម្រេចនេះទៀត គឺភាគីចិនបានប្រកាសថា មិនទទួលស្គាល់តុលាការ មិនទទួលស្គាល់សាលដីកា និងមិនទទួលយកសាលដីកា អញ្ចឹងវាប្រទាំងប្រទើសគ្នាបាត់ទៅហើយ នៅពេលចេញសេចក្តីនេះមក សភាពការណ៍វារឹតតែតឹងថែមទៀត ហើយជំហររបស់កម្ពុជាក្នុងស្ថានភាពបែបនេះ ជំហរយ៉ាងម៉េច គឺកម្ពុជាបានប្រកាសជំហររបស់ខ្លួនមុនការចេញសេចក្តីសម្រេចរបស់សាលដីការបស់តុលាការ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា កម្ពុជាក្នុងឋានៈជារដ្ឋមិនពាក់ព័ន្ធទៅនិងការទាមទារអធិបតេយ្យភាពនៅក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនកាន់ជើងខាងភាគីណានោះទេ”។

លោករដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា “យោងសភាពការណ៍ដែលវាដុនដាបរួចទៅហើយ កម្ពុជាសូមមិនចូលរួម និងមិនទទួលខុសត្រូវចំពោះសកម្មភាពណា ទង្វើណាដែលអាចធ្វើឲ្យសភាពការណ៍កាន់តែដុនដាបថែមទៀត។ នៅពេលដែលទៅដល់កិច្ចប្រជុំពិភាក្សាគ្នា ស្អីទៅដែលវារាំងស្ទះ ឥឡូវយើងនិយាយគ្នាឲ្យអស់ ខ្ញុំថា មិនចង់និយាយពីរឿងផ្ទៃក្នុងអាស៊ានទេ ប៉ុន្តែកម្ពុជារងនៅភាពអយុត្តិធម៌ច្រើនណាស់មកលើខ្លួន ពាក្យដែលខ្ទាស់ គឺគោរពដោយពេញលេញនៅដំណើរការផ្លូវច្បាប់ និងការទូត។

លោកបន្តទៀតថា ពាក្យនេះត្រូវបានភាគីចិនបដិសេធមិនទទួលយក ដោយសារនិយាយដល់ពាក្យនេះ គឺនិយាយយោងទៅដល់មជ្ឈិតកម្ម ដែលខ្លួនមិនទទួលស្គាល់ និងមិនទទួលយក។ ជាការបញ្ជាក់អះអាងពីជំហររបស់ប្រទេសអាស៊ានក្នុងការគោរពនៅច្បាប់អន្តរជាតិ ការគោរពដំណើរការផ្លូវច្បាប់ និងការទូតនានាដែលមានចែងរួចទៅហើយនៅក្នុងនៅក្នុងសេចក្តីប្រកាសកាលពីខែកុម្ភៈកន្លងទៅ។ តែបើយើងដាក់ចឹង ក្នុងពេលដែលភាគីចិនបដិសេធយ៉ាងដាច់អហង្ការ វានឹងកើតរឿងអី គឺសភាពការណ៍ហ្នឹង នឹងដុនដាបធ្ងន់ធ្ងរជាងនៅទៅទៀត អាចបង្កគ្រោះថ្នាក់ធំដល់តំបន់ទាំងមូល បើសិនជានៅតែបន្តចចេសដាក់បញ្ហានេះ អាហ្នឹងម្ខាង តែម្ខាងទៀត តើធ្វើម៉េចកម្ពុជាអាចបដិសេធពីការគោរពច្បាប់អន្តរជាតិនោះទេ អត់ទេកម្ពុជាត្រូវតគោរពតាមច្បាប់អន្តរជាតិ ពិសេសកម្ពុជាក៏ជាប្រទេសតូចមួយដែរ មានស្អីពឹង មានតែការពឹងទៅលើច្បាប់អន្តរជាតិ ដើម្បីការពារអធិបតយ្យភាព ការពារផលប្រយោជន៍របស់ខ្លួន។ នៅពេលជជែករកមិនឃើញចំណុចមិនស្រុះស្រួលគ្នា វាធ្វើឲ្យរាំងស្ទះ ប៉ុន្តែមិនមែនរាំងស្ទះដោយសារកម្ពុជាមួយទេ ពីព្រោះកម្ពុជាក៏បញ្ចេញមតិរបស់ខ្លួន ប្រទសផ្សេងទៀត ក៏បញ្ចេញមតិរបស់ខ្លួនឯងដែរ មានអ្នកគាំទ្រ មានអ្នកមិនគាំទ្រ មានអ្នកនៅស្ងៀម”។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ដែរថា “បើសិនជាមិនទម្លាយភាពទាល់ច្រកនេះទេ តើត្រូវខាតអី ទី១. ឯកភាពរបស់អាស៊ាននិងត្រូវប៉ះពាល់ធ្ងន់ធ្ងរ។ ទី២. កម្ពុជាខំប្រឹងការពារជំហររបស់ខ្លួន និងត្រូវគេចង្អុលថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើឲ្យរាំងស្ទះ ចឹងយើងចាំបាច់ត្រូវរកច្រកចេញ មានអ្នកដែលដឹងរឿងតិចដែរទេ មិនច្រើនទេ ថាតើកម្ពុជាបានដើរតួនាទីយ៉ាងម៉េចនៅក្នុងការទម្លាយភាពទាល់ច្រកនេះ។ រឿងនេះជារឿងដែលពាក់ព័ន្ធតែរវាងចិន និងហ្វីលីពីន ទេ រឿងអីអាស៊ានទាំងមូលត្រូវពាក់ព័ន្ធនៅក្នុងការទាញយកជម្លោះនឹងយកមកដាក់ជាប់នឹងក្លៀករបស់ខ្លួននោះ ហើយកម្ពុជាគ្រាន់តែមានបំណងល្អបញ្ចៀសកុំឲ្យសភាពការវាដុនដាបថែមទៀត ត្រូវគេបន្ទោសថា ធ្វើឲ្យរាំងស្ទះ។ កម្ពុជាទៅចំណេញអ្វីទៅកាន់ជើងនៅក្នុងការកាន់ជើងនរណាម្នាក់នៅក្នុងជម្លោះហ្នឹង អត់មានចំណេញអីទេ សុំតែអព្យាក្រិត្យ មិនកាន់ជើងខាងណាទេ៕

photo_2016-07-29_19-55-21photo_2016-07-29_19-55-24

មតិយោបល់