ព័ត៌មានជាតិ

ចេញឆក់ភ្លាម ជាប់ខ្នោះភ្លែត

ភ្នំពេញ: ជនសង្ស័យឆក់ទូរស័ព្ទដៃ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញចាប់ក្របួចបាន រួមជាមួយម៉ូតូមួយគ្រឿង ចំណែកបក្ខពួក២នាក់ទៀតជិះរត់គេចបាត់ បន្ទាប់ពីនាំគ្នាទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ នេះ ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ បុរសម្នាក់ជាជនរងគ្រោះ ជិះម៉ូតូ ម៉ាកវ៉េវ ធ្វើដំណើរ តាមផ្លូវ១០០៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គាប់ជួន មានអ្នកទូរស័ព្ទចូល ជនរងគ្រោះក៏ទាញទូរស័ព្ទ ម៉ាកសាំសុង ពីហោប៉ាវ មកកាន់នឹងដៃ ស្រាប់តែលេខមុខជនសង្ស័យ គ្នា៤នាក់ ជិះម៉ូតូ ម៉ាកស្កុបពី ២គ្រឿង មួយគ្រឿងពណ៌ខ្មៅ នៅខាងមុខគាត់ មួយគ្រឿងពណ៌ អៀបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទ ភ្ញាក់ស្រវ៉ាទះ របូតទូរស័ព្ទពីដៃ ប្រតាយប្រតប់ ជនរងគ្រោះដួល ស្រែកឆោឡោ ផ្អើលពលរដ្ឋ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ប្រចាំការគោលដៅក្បែរនោះ ដេញតាមចាប់ បានជនសង្ស័យ២នាក់ ដកហូតម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-1256 ចំណែកបក្ខពួកចោរឆក់២នាក់ទៀត គេចខ្លួនបាត់ ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត ៕

 

មតិយោបល់